ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកកម្ទេចថ្មក្រឡាប់នៅលើផ្លូវជាតិលេខ២១B

ខេត្តកណ្តាលៈ រថយន្តធុនធំប្រភេទបែនដឹកដីកែច្នៃខុសបច្ចេកទេស កាច់ចង្កូតមិនស៊ី បណ្តាលឲ្យក្រឡាប់ផ្ងារជើងចាក់កម្ទេចថ្មចោលនៅលើផ្លូវជាតិលេខ២១B កាលពីវេលាម៉ោង៧ និង២០នាទី ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះ មិនបានបណ្តាលឲ្យមនុស្សណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិតនោះទេ ពោលគឺបណ្តាលឲ្យខូចខាតរថយន្ត និងផ្លូវជាតិដែលទើបស្ថាបនារួចថ្មីៗនេះ ។ ក្រោយពីមានហេតុការណ៍កើតឡើងភាគីរថយន្តបានព្រមព្រៀងសងសំណងទៅក្រុមហ៊ុនអ៊ុតធី ដើម្បីជួសជុលផ្លូវរងការខូចខាត ទើបយករថយន្តរបស់ខ្លួនទៅជួសជុលវិញ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា រថយន្តបែនដឹកថ្មម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ គ្មានស្លាកលេខ(ទើបតម្លើង) ចំណុះ៥តោន បើកបរដោយឈ្មោះ ខុន ហ៊ុន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ។

NKD-36x6_outline

ប្រភពដដែលបានបន្តថា រថយន្តខាងលើនេះត្រូវបានម្ចាស់តម្លើង ដើម្បីទុកសម្រាប់ដឹកជញ្ជូនថ្ម ខ្សាច់ និងដី ។ ក្រោយពីតម្លើងរួចរាល់ថ្មីៗក៏បានឲ្យតៃកុងសាកល្បងដឹកកម្ទេចថ្មមួយជើង ។ ថ្មីមួយឡាននេះត្រូវបានតៃកុងដឹកចេញពីភ្នំចំបាប់ ស្ថិតក្នុងភូសាស្ត្រស្រុកសំរោង ខេត្តតាកែវ ឆ្ពោះទៅចាក់នៅឃុំត្រើយស្លា ស្រុកស្អាង ។ រថយន្តនេះត្រូវបានតៃកុងបើកតាមបណ្តោយផ្លូវជាតិលេខ២១B ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន​ លុះបើកដល់ចំណុចកើតហេតុកាច់ចង្កូតមិនស៊ី ទើបបណ្តាលឲ្យក្រឡាប់ផ្ងាជើងចាក់កម្ទេចថ្មចោលនៅលើផ្លូវយ៉ាងដូច្នេះ ៕ ស្អាងជ័យ