ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកកម្មករ បើកបុកម៉ូតូ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តកំពង់ស្ពឺ៖ បុរស២នាក់ បើកម៉ូតូដឹកគ្នាគ្មានពាក់មួកសុវត្ថិភាព ត្រូវរថយន្ដដឹកកម្មករ១គ្រឿងបើកបរបញ្ច្រាសទិស បុកចំពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើររបួសធ្ងន់។ ចំណែកអ្នកបង្ក ក្រោយបង្កហេតុ បានរត់គេចខ្លួនចោលរថយន្ត និងកម្មករ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៤ និង៥០នាទីរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ តាមដងផ្លូវជាតិលេខ៤១ ក្នុងភូមិខ្លែងពណ៌ខាងជើង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅបណ្តាលឲ្យស្លាប់ម្នាក់ ឈ្មោះ មុយ ចាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្រាំងឃ្នង ឃុំព្រៃញាតិ ស្រុកគងពិសី ជាអ្នកបើកម៉ូតូ និងឈ្មោះជួន ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិជាមួយគ្នា ជាអ្នករួមដំណើរ របួសធ្ងន់ ។ ដោយឡែក ភាគីរថយន្ត របួសស្រាលម្នាក់ឈ្មោះសេន ស្រីមិត្ត ភេទស្រី ជាកម្មការិនី បោកក្បាលនឹងរថយន្ត។

ប្រភពដដែលបន្តថា មុនកើតហេតុ គេឃើញជនរងគ្រោះ បើកម៉ូតូ១គ្រឿងម៉ាកវីស្តុន ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ដឹកគ្នាពីជើងទៅត្បូងគ្មានពាក់មួកសុវត្ថិភាព ទាំង២នាក់ ។ លុះបើកមកដល់ចន្លោះគីឡូម៉ែត្រលេខ១៧-១៨ក្នុងភូមិកើតហេតុ ស្រាប់តែមានរថយន្តដឹកកម្មករ១គ្រឿងម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ស្ពឺ ២A-៩៣១៤ បើកបញ្ច្រាសទិសពីត្បូងទៅជើង ជ្រុលបុកម៉ូតូចំពីមុខ ខ្ទាតជនរងគ្រោះចេញពីម៉ូតូ បណ្តាលឲ្យអ្នកបើកម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរ របួសធ្ងន់ ។ ក្រោយបង្កហេតុអ្នកបើកបរ បានរត់គេចខ្លួនចោលរថយន្តនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចដល់កន្លែងកើតហេតុ ប្រញាប់បញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ និងសាកសព ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែកវត្ថុតាងរថយន្ត និងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាន៕ សេនាស័ក្តិ