ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកកុងតឺន័របុកម៉ូតូស្លាប់ក្មេងប្រុសម្នាក់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ស្ពឺ ៖ រថយន្តដឹកទូកុងទឺន័រមួយគ្រឿង បានបើកបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឱ្យក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃ ព្រហស្បតិ៍ ២ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៣៤និង៣៥ស្ថិតក្នុងភូមិសង្គ្រោះជាតិឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលឃុំត្រពាំងគងបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញក្មេងប្រុសម្នាក់មានឈ្មោះធី ម៉េងហៀងអាយុ១៤ឆ្នាំរស់នៅភូមិថ្នល់ទទឹងឃុំត្រពាំងអំពិលស្រុកអង្គស្នួលខេត្តកណ្តាល ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ស៊េរី២០១៨ គ្មានស្លាកលេខបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ពីកើតទៅលិច។លុះមកដល់ចំណុចកើតហេតុត្រូវរថយន្តមួយគ្រឿងម៉ាកហ្វ្រាយលីនើ(FREIGHTLINER)ពាក់ស្លាកលេខភ្នំពេញ 3D9265 បានបុកក្មេងប្រុសដែលកំពុងបើកម៉ួតូពីក្រោយបណ្តាលឱ្យអ្នកបើកម៉ូតូដួលស្លាប់នៅនឹងកន្លែងតែម្តង។ ក្រោយកើតហេតុ អ្នកបើកបររថយន្តដឹកទូកុងទឺន័រ បានទុករថយន្តចោលរួចគេចខ្លួនបាត់។ បន្ទាប់មកនគរបាលចរាចរ ស្រុកសំរោងទងទៅដល់វាស់វែង និងបានទំនាក់ទំនងទៅគ្រួសារសពមកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី