ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកខ្សាច់សើមលើផ្លូវជាតិលេខ១កំពុងធ្វើឲ្យអ្នកដំណើររិះគន់

ភ្នំពេញ៖ ទោះបីជាអាជ្ញាធរស្រុកបានចេញសេចក្តីជូនដំណឹង កោះហៅម្ចាស់រថយន្តដឹកដី ដឹកខ្សាច់មកធ្វើការណែនាំ និងធ្វើកិច្ចសន្យា ឲ្យអនុវត្តតាមគោលការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត_ស្រុកយ៉ាងណា ក៏ដោយ ក៏នៅតែមានរថយន្តដឹកដី ដឹកខ្សាច់មួយចំនួនមិនអនុវត្តតាមឡើយ ។

នេះជារូបភាពវីដេអូបង្ហាញពីសកម្មភាព រថយន្តដឹកខ្សាច់មួយគ្រឿងពាក់ស្លាកលេខ ពណ៌ក្រហម សម្គាល់ថាជារថយន្តចង្កូតស្តាំកំពុងធ្វើចរាចរលើផ្លូវជាតិលេខ១ ដោយដឹកខ្សាច់សើមផ្ទុកលើសទ្រុងមិនមានគ្របកៅស៊ូតង់នោះទេ ។ លើសពីនេះទៀតខ្សាច់សើមដែលផ្ទុកនៅលើរថយន្តហូរទឹកធ្លាក់មកលើផ្លូវជាតិលាយឡំជាមួយនឹងខ្សាច់ថែមទាំងខ្ទាត់ប្រឡាក់សម្លៀកបំពាក់អ្នកជិះម៉ូតូទៀតផង ។

សកម្មភាពរថយន្តដឹកខ្សាច់សើមដែលធ្វើឲ្យអ្នកដំណើរិះគន់ទៅលើអាជ្ញាធរមូលដ្ឋានគ្មានភាពទទួលខុសត្រូវលើការងារគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈនេះ បានកើតឡើងជារៀងរាល់ថ្ងៃ ភាគច្រើនគឺដឹកចេញពីដេប៉ូលក់ខ្សាច់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដោយធ្វើចរាចរលើផ្លូវជាតិលេខ១ ឆ្លងកាត់មុខប៉ុស្តិ៍នគរបាលរដ្ឋបាល ឆ្លងកាត់មុខអធិការដ្ឋាននគរបាលស្រុក ឆ្លងកាត់មុខទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្តស្រុក និងឆ្លងកាត់មុខសាលាស្រុកកៀនស្វាយ យកទៅចាក់នៅការដ្ឋាន៣កន្លែងក្នុងឃុំគគីរ ឃុំភូមិធំ ស្រុកកៀនស្វាយ និង១កន្លែងទៀតនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

អ្វីដែលធ្វើឲ្យមហាជនរិះគន់នោះគឺ ដឹកជញ្ជូនខ្សាច់សើម មិនគ្របកៅស៊ូតង់ ទឹកហូរលាយខ្សាច់ធ្លាក់មកលើផ្លូវជាតិ ខ្ទាត់ទឹកលាយខ្សាច់មកលើអ្នកដំណើរ ។ សកម្មភាពដឹកជញ្ជូនធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានបែបនេះគួរតែអាជ្ញាធរស្រុកកៀនស្វាយមានវិធានការទៅលើម្ចាស់ដេប៉ូលក់ខ្សាច់ និងក្រុមរថយន្តដឹកជញ្ជូនខ្សាច់ ឲ្យបានតឹងរ៉ឹងដើម្បីជាការព្រមាន ដល់រថយន្តដឹកដីដឹកខ្សាច់ផ្សេងៗទៀតដែលកំពុងធ្វើអាជីវកម្មមិនគិតពីផលប៉ះពាល់ទៅលើអ្នកដំណើរនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ៕ សណ្តោស