ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីបុកម៉ូតូសិស្សសាលារបួសធ្ងន់ស្រាលបីនាក់

ខេត្តកំពង់ឆ្នាំង៖ ក្មេងស្រីជំទង់៣នាក់បានរងរបួសធ្ងន់ និងស្រាលនៅក្នុងឧប្បត្តិហេតុកគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតបានបង្ករឡើងរវាងរថយន្តដឹកដីបុកជាមួយម៉ូតូឌុបគ្នា៣នាក់ ។ ករណីនេះបានកើតឡើងកាលវេលាម៉ោង៣ និង៥នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវក្រាលកៅស៊ូខ្វែងទិសគ្នាមួយកន្លែងស្ថិតភូមិម៉ុងបារាំងសង្កាត់ប្អេរក្រុង និងខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគបាលបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តដឹកដីមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវលឿងពាក់ស្លាក កំពង់ចាម ៣A-៤៧១៣ បើកក្នុងទិសដៅពីលិចទៅកើត នៅពេលមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយ និងម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១AR-៥៩១២ បើកបរដោយសិស្សសាលា មានឌុបគ្នា៣នាក់ ក្នុងទិសដៅខ្វែងគ្នា ពីជើងទៅត្បូង បណ្តាលឲ្យប៉ើងខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ស្រាលតែម្តង ។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសាដឹកយកទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តដឹកដី ឈ្មោះ តែនពេទ ភេទប្រុសអាយុ២៤ឆ្នាំមានទីលំនៅភូមិគ្រិះឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាមត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។

ដោយឡែកមធ្យោបាយបង្ករត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋានក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា