ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

រថយន្តដឹកដីហ្វ្រាំងមិនស៊ីបើកបុករះរថយន្ត១គ្រឿង និងមូតូកង់បី២រងការខូចខាត

ភ្នំពេញ៖ រថយន្តដឹកដី១គ្រឿងសង្ស័យហ្វ្រាំងមិនស៊ីបើកបុករះរថយន្តកាម៉ារីឆ្លាម១គ្រឿង និងមូតូកង់បី២គ្រឿង តែមិនមានអ្នករងរបួស ។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពី ថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច នៅចំណុចផ្លូវលេខ១០០៣ កែង ផ្លូវលេខ៩២ ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ប្រភពពីអ្នករត់ម៉ូតូកង់បីបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានចតម៉ូតូកង់បី នៅលើចិញ្ចើមផ្លូវលេខ១០០៣ មុនផ្សារអុីអន២ ដើម្បីរង់ចាំដឹកម៉ូយ ពេលនោះស្រាប់តែមានរថយន្តដឹកដី១គ្រឿងបើកពីជើងទៅត្បូង មកបុករះម៉ូតូកង់បីគាត់២គ្រឿង បណ្តាលឲ្យរងការខូចខាតគរលើគ្នា ហើយរថយន្តដឹកដីនោះក៏បន្តទៅបុកគៀរថយន្ត១គ្រឿងទៀត ម៉ាកកាម៉ារីឆ្លាម បណ្តាលឲ្យរងការខូចខាតផ្នែកខាងស្តាំ ប៉ុន្តែមិនមានអ្នករងរបួសនោះទេ ។

ប្រភពពីអ្នកបើកបររថយន្តដឹកដីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានបើករថយន្ត១គ្រឿង ម៉ាកហុីយ៉ាន់ដាយពាក់ស្លាកលេខ ភ្នំពេញ 3B.8826 ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដែលខ្លួនបើកនោះជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុក និងមូតូកង់បីចំនួន២គ្រឿង រងការខូចខាត និងរថយន្ត១គ្រឿងទៀតម៉ាកកាម៉ារីឆ្លាម ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2Q6424 វិញរងការខូចខាតផ្នែកខាងស្តាំ ។ ប៉ុន្តែហេតុការនេះមិនបណ្តាលឲ្យអ្នកណាម្នាក់រងរបួសទេ ។

ក្រោយកើតហេតុគេឃើញមាននគរបាលចរាចរ ខណ្ឌសែនសុខចុះមកវាស់វែងរងចាំថៅកែរថយន្តដឹកដីមកដោះស្រាយសំណងជួនទៅភាគីរងគ្រោះ ៕ តុង សីហា