ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទឹកកកបុកម៉ូតូវេវដាច់ជាពីរកំណាត់ ស្លាប់ពីរ របួសធ្ងន់ម្នាក់

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់ស្លាប់កៀបជាប់នៅក្រោមរថយន្ត និង ម្នាក់ទៀតបានរងរបួសធ្ងន់ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តដឹកទឹកកក រេបុកម៉ូតូដែលជិះគ្នា៣នាក់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវកៅស៊ូ ក្បែររោងចក្រលោកតាបារាំង ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុនេះ ១.ឈ្មោះ អ៊ុក សុភត្រាភេទប្រុស អាយុ១៩ឆ្នាំ ស្លាប់ នៅនឹងកន្លែងរស់នៅភូមិមុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។ ២.ឈ្មោះ ប៉ិច ចាន់ស៊ីន ភេទប្រុស អាយុ១៦ឆ្នាំ ស្លាប់ រស់នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ និង ទី៣.ឈ្មោះអ៊ូ សីលា ភេទប្រុស រងរបួសធ្ងន់ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកទឹកកកមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវពាក់ស្លាកលេខ ២G -៥២១៤ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចដែលបើកក្នុងល្បឿនយ៉ាងលឿនរេពេញផ្លូវ បម្រុងបុករោងលក់ដូររបស់ប្រជាពលរដ្ឋ រួចបានបួងចង្កូតគេចពីរោង ក៍ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពាក់ស្លាកលេខ ភ្នំពេញ១FQ -៩៦៨៩ ដែលជិះគ្នា៣នាក់ ក្នុងដំណើរច្រាស់ទិសគ្នា បណ្តាលឲ្យជនរងគ្រោះម្នាក់ប៉ើងខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ និង ២នាក់ផ្សេងទៀតជាប់នៅក្រោមរថយន្តស្លាប់ភ្លាមៗនៅកន្លែងតែម្តង ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តដឹកទឹកកក បានរត់គេចខ្លួន ដោយឡែកអ្នករងរបួសត្រូវគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំពោះមធ្យោបាយបង្កត្រូវយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា