ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកមីស៊ីលរេដៃចង្កូតបុកមជ្ឈមណ្ឌលពាណិជ្ជកម្មនៅអ៊ុយក្រែន

ពលរដ្ឋនៅមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារទំនើបក្នុងរដ្ឋធានីនៃប្រទេសអ៊ុយក្រែន ភ័យស្លន់ស្លោ ក្រោយពេលរថយន្តដឹកមីស៊ីលធ្វើដំណើរនៅទីក្រុង Kiev ស្រាប់តែរេចង្កូតទៅបុកនឹងផ្សារទំនើប។ រថយន្តដឹកមីស៊ីលប្រភេទ BUK ទៅកាន់ទីតាំងវិញក្រោយបញ្ចប់ការដង្ហែក្បួនព្យុហយាត្រា។

នៅពេលរថយន្តដឹកមីស៊ីលបុកចិញ្ជើមថ្នល់រួចជ្រុលចូលទៅមជ្ឈមណ្ឌល Astarta ក្នុងពេលដែលមានមនុស្សជាច្រើននៅក្នុងផ្សារទំនើបក៏ដូចជានៅខាងក្រៅ។ មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កើតឡើងគឺដោយសារតែរថយន្តបើកលឿងពេក មិនអាចគ្រប់គ្រងបាន។

លោក Vlad Vash សាក្សីនៅកន្លែងកើតហេតុបានផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គមហ្វេសបុករបស់ខ្លួនថា «បាទ! នេះជាការដង្ហែក្បួនព្យុហយាត្រា។ រថយន្តទីមួយវិបុកខ្ញុំ ប៉ុន្តែបានឈប់ទាន់ពេល ហើយរថយន្តបន្ទាប់ក៏បានបុកទៅនឹងជញ្ជាំង»។

ជាភ័ព្វសំណាងគ្មានអ្នកណារងរបួសនៅក្នុងហេតុការណ៍ខាងលើនោះឡើយ ប៉ុន្តែរថយន្តដឹកមីស៊ីល BUK ត្រូវជាប់គាំងនៅទីនោះ។ កម្លាំងទាហានអ៊ុយក្រែនត្រូវប្រើប្រាស់រយន្តស្ទូចដើម្បីបញ្ជូនចេញពីទីប្រជុំជនឲ្យបានឆាប់បំផុត។

មីស៊ីល BUK ជាប្រភេទមីស៊ីលការពារដែនអាកាសទំនើប ត្រូវបានប្រើប្រាស់ទូលំទូលាយនៅក្នុងជួយកងទ័ពអ៊ុយក្រែន។ ប្រភេទមីស៊ីលខាងលើ ត្រូវបានគេដឹងថា ជាប្រភេទដែលបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ MH 17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីកាលពីឆ្នាំ២០១៤៕ ម៉ែវ សាធី