ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកសាំងក្រុមហ៊ុនសូគីមិចកិនបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ខេត្តតាកែវ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវរថយន្តដឹកសាំងមួយគ្រឿងកិនធ្លាយខួរ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៥និង៤០ នាទី លើផ្លូវជាតិ លេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៤-៤៥ ស្ថិតក្នុងភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ។

យោងតាមបាយការណ៍របស់អធិការដ្ឋាននគបាលស្រុកបាទីបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងរវាងរថយន្តដឹកសាំងក្រុមហ៊ុនសូគីមិច និងម៉ូតូសណ្តោងរ៉ឺម៉ក មានទិសដៅបញ្ច្រាសគ្នាដែលជនរងគ្រោះមាន ឈ្មោះ ឈ្មោះ សុង ពយ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបឹងទ័ពព្យុះ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (មុខរបរកម្មករ)ជាអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កម៉ាកហុងដា វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ សាំង វិសាល ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិត្រយឹង ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ រងរបួសស្រាល ចំណែករថយន្តជាប្រភេទរថយន្តដឹកសាំងរបស់ក្រុមហ៊ុនសូគីមិច ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម-ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3A-9662 រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

NKD-36x6_outline

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ រីឯសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងពាក់ព័ន្ធត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ភ្នំដា