ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកស្រាបៀរអង្គរបុកម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ រថយន្តដឹកស្រាបៀរអង្គរ មួយគ្រឿងបើកជ្រុលបុកម៉ូតូហុងដាបណ្តាលឲ្យ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅតាមផ្លូវវេងស្រេង នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-4956 ជារថយន្តដឹកស្រាបៀរអង្គរ បើកតាមបណ្តោយផ្លូវវេងស្រេងពីកើតទៅលិចលុះដល់ចំណុចខាងលើ គេចពីរថយន្តខាងមុខជ្រុលទៅបុកម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-5797 ជិះម្នាក់ឯង ដែលនៅខាងមុខ បណ្តាលឲ្យរបួសធ្ងន់បាក់ជើងតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្កោះបន្ទាន់ដឹកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យ។ ចំណែករថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ