ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកហ្គាសបុករថយន្តដឹកកុងតឺន័របញ្ចប់ត្រឹមសំណងជិត៨០០០ដុល្លារ

ខេត្តកណ្តាល៖ ការបើកបរខ្វះការប្រុងប្រយ័ត្នគឺជាដើមចមនៃគ្រោះថ្នាក់ចរាចរ ដែលតែងតែកើតឡើងជារឿយៗនៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ និយាយជារួមកត្តាមនុស្ស ដែលជាអ្នកបញ្ជាយានយន្តគឺជាមូលហេតុចម្បងនៃការកើតមានបទល្មើសគ្រោះថ្នាក់ចរាចរ នេះជាការលើកឡើងរបស់លោកហង្ស ផាន់ណារ៉ា អធិការរងនគរបាលស្រុកកៀនស្វាយទទួលការងារសណ្តាប់ធ្នាប់ចរាចរ ។

ជាក់ស្តែងនៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ រថយន្តដឹកហ្គាស់ធន់ធំមួយគ្រឿងបានបើកទៅបុករថយន្តដឹកកុងតឺន័រ បណ្តាលឲ្យរថយន្តដឹកហ្គាស់ខ្ទេចក្បាលតែសំណាងល្អអ្នកបើកបររួចផុតពីគ្រោះថ្នាក់ធ្វើឲ្យមហាជនស្ងើចគ្រប់ៗគ្នា ដោយឡែករថយន្តដឹកកុងតឺន័រពុំមានខូចខាតអ្វីឡើយដោយសាររថយន្តដឹកហ្គាស់បើកបុកចំទូកុងតឺន័រនៅគ្រា ដែលរថយន្តដឹកកុងតឺន័របើកកាត់ទទឹងផ្លូវដើម្បីចូលទៅសប់កង់នៅចន្លោះគីឡូម៉ែត្រលេខ១៩_២០ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោកហង្ស ផាន់ណារ៉ា អធិការរងនគរបាលស្រុកកៀនស្វាយទទួលការងារសណ្តាប់ធ្នាប់ចរាចរបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តធន់ធំទាំង២គ្រឿងបើកបរក្នុងទឹសដៅផ្ទុយគ្នា ក្នុងនោះរថយន្តដឹកកុងតឺន័របើកក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ ចំណែករថយន្តដឹកហ្គាសបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង ។ មកដល់ចំនុចគ្រោះថ្នាក់រថយន្តដឹកកុងតឺន័របានបើកបត់ឆ្លងផ្លូវដើម្បីសប់កង់ គ្រានោះរថយន្តដឹកហ្គាសបើកក្នុងល្បឿនលឿនជាន់ហ្វ្រាំងអស់បានបុកចំទូកុងតឺន័រ បណ្តាលឲ្យខ្ទេចក្បាល ចំណែកអ្នកបើកបរពុំមានគ្រោះថ្នាក់ឡើយហើយគេចខ្លួនបាត់ទាំ២នាក់តែម្តង ។

លោកអធិការរងបានបន្តថា ដោយគូរភាគីទាំងសង្ខាងព្រមព្រៀងគ្នាដោះស្រាយបញ្ចប់បញ្ហានិងពុំមានបង្កគ្រោះថ្នាក់ដល់អ្នកដំណើរក៍ដូចជាអ្នកបើកបររថយន្ត ភាគីខាងរថយន្តដឹកកុងតឺន័រយល់ព្រមចេញសំណង់ប្រមាណជិត៨០០០ដុល្លារឲ្យទៅខាងភាគីរថយន្តដឹកហ្គាស ។ ករណីនេះកើតឡើងដោយសារកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន ។ ក្នុងនាមសមត្ថកិច្ចជំនាញសូមអំពាវនាវដល់អ្នកប្រើប្រាស់ទ្រូងផ្លូវត្រូវគោរពច្បាប់ចរាចរទាំងអស់គ្នា បើកបរត្រូវប្រុងប្រយ័ត្នជានិច្ច កុំប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ ពេលពិសារគ្រឿងស្រវឹងកុំបើកបរ ៕ សណ្តោស