ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឥដ្ឋបើកគេចរ៉ឺម៉កក្រឡាប់បណ្តាលឲ្យរបួស៣នាក់

ខេត្តព្រះសីហនុ៖ រថយន្តដឹកឥដ្ឋមួយគ្រឿង ដែលគេរាយការណ៍ តាមប្រភពពីអ្នកឃើញហេតុការណ៍ផ្ទាល់ប្រាប់ថា បើកគេចពីរុឺម៉កកង់៣ រួចក៏ក្រឡាប់ លើវិថីផែ ត្រង់ចំណុច មុខស្ថានីយរថភ្លើង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ កាលពីម៉ោងជិត២រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស។

សមត្ថកិច្ចបានបញ្ជាក់ថារថយន្តនេះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស-បៃតង ពាក់ស្លាកលេខភ្នំពេញ3C-3891 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) មានអ្នករួមដំណើរចំនួន៣នាក់ មានទិសដៅចូលក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើរថយន្តកំពុងមានល្បឿនលឿនផងក៏ ជួបបញ្ហា។ ពេលនោះអ្នកបើកបរក៏បានទាញចង្កូតមកខាងស្តាំបុកនឹងរបងស្ថានីយរថភ្លើង ព្រមទាំងស្លាកសញ្ញាផ្សេងៗ បណ្ដាលឲ្យក្រឡាប់តែម្ដង។

គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសមនុស្សចំនួន៣នាក់។

ជនរងគ្រោះទី១-ឈ្មោះ ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅស្រុកកំពង់ត្រាច ខេត្តកំពត (ម្ចាស់រថយន្ត) អ្នករួមដំណើរលើរថយន្ត រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម ។

ទី២-ឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ។

ទី៣-ឈ្មោះ ផាត់ ចាន់រ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុរបួសស្រាល បានបញ្ជូនទៅព្យាបាលនៅគ្លីនិកមិត្តភាពឃ្លាំងលើ។

ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕ឆ្លាម សមុទ្រ