ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាកូម៉ាបើកកិនក្មេងប្រុស២នាក់កំពុងដេកក្នុងតូបបណ្តាលឲ្យស្លាប់ម្នាក់

ភ្នំពេញ៖​ ក្មេងប្រុសចំនួន២នាក់បាននាំគ្នាមកដេកនៅក្នុងតូបដែលគេទុកចោលជាយូរមកហើយ ខណៈកំពុងដេកស្រាប់តែមានរថយន្តតាកូម៉ាមួយគ្រឿងបើកមកមិនប្រយ័ត្នក៏ជ្រុលបុកនិងកិនក្មេងទាំងពីរបណ្តាលឲ្យរងរបួសធ្ងន់ធ្ងន់​ ភ្លាមនោះក៏ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យតែដោយអកុសលក្មេងប្រុសម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច​ ដីឡូត៍ទុកចោលដែលមានកម្មវិធីប្រគំតន្រ្តី​ នៅ​ ភូមិ១ក្រាំងដូនតី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ។

សពក្មេងដែលស្លាប់មានឈ្មោះ​ ឡូ​ ភារ៉ា​ ភេទប្រុស​ អាយ១២ឆ្នាំ​ រៀននៅ​អង្គកាកុមារនៃភាពញញឹម​ រីឯម្នាក់ទៀតដែលរងរបួសធ្ងន់កំពុងសម្រាកនៅមន្ទីរពេទ្យនោះមានឈ្មោះ​ ចន្ធា​ វុទ្ធ ធូ​ ភេទប្រុស​ អាយុ៩ឆ្នាំ​ រស់នៅក្រោមបន្ទុក​ ឪពុកដែលមានឈ្មោះ​ វន់​ វាន​ ៣៧ឆ្នាំ​មានមុខរបរ​ ជាងម៉ាស៊ីនត្រជាក់​ បច្ចុប្បន្នស្នាក់ភូមិកំរៀង​ សង្កាត់ព្រៃវែង​ ខណ្ឌដង្កោ​ មានស្រុកកំណើតនៅភូមិស្វាយអន្ទរ​ ខេត្តព្រវែង ។ ចំណែកម្ចាស់រថន្តបង្កមានឈ្មោះ​ ចិន​ សាវ៉េត​ ភេទស្រី​ អាយុ៣២ឆ្នាំ​ ភូមិព្រែកអញ្ចែញ​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ស្នាក់នៅម្តុំទឹកល្អ២​ ខណ្ឌទួលគោក​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុក្មេងទាំងពីរនាក់បានទៅរើសអេតចាយជាមួយជីដូនតាំងពីព្រឹកព្រលឹម​ លុះពេលរើសអេតចាយរួចក្មេងទាំង២នាក់នោះបានដេកនៅតូបលក់​ដូរដែលគេទុកចោលបន្ទាប់មកស្រាប់តែមានរថយន្តតាក់កូម៉ា​ ពណ៌ស្ករ​ ស្លាកលេខភ្នំពេញ​ ២2AT-5610 បើកចេញពីតូបមួយផ្សេងទៀតដោយមិនបានប្រយ័ត្នក៏បានកិនក្មេងទាំង២នាក់នោះតែម្តង​ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរទាំង២នាក់​ ភ្លាមៗនោះម្ចាស់រថយន្តបានដឹកក្មេងទាំង២នាក់ទៅ​ នោះទៅមន្ទីរពេទ្យក្បែរនោះ​ ដោយសារសភាពរបួសធ្ងន់ធ្ងរ​ ក៏បញ្ជូនបន្តមកមន្ទីរពេទ្យរុស្ស៊ី​ តែជាអកុសលក្មេងប្រុសម្នាក់ដែលឈ្មោះ​ ឡូយ​ ភារ៉ា​ ត្រូវបានស្លាប់បាត់ទៅហើយ​ ។ ចំណែកក្មេងដែលដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យគន្ធាបុប្ផា ។

ក្រោយពេលកើតហេតុសមត្ថិច្ចកិច្ចឃាត់ស្រ្តីម្នាក់បណ្តោះអាសន្នដើម្បីសាកសួររង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ