ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាក់ស៊ីម៉ាកព្រូស បើកឆ្លងផ្លូវមិនប្រុងប្រយ័ត្ន ត្រូវបុរស២នាក់ បើកម៉ូតូបុកពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់២នាក់

ភ្នំពេញ៖ ដោយសារការបើកបរមិនគោរពស្លាកសញ្ញាចរាចរណ៍ បានធ្វើឲ្យបុរស២នាក់របួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតភ្លាមៗ ខណៈដែលពួកគេកំពុងបើកម៉ូតូឌុបគ្នា ស្រាប់តែរថយន្តតាក់ស៊ី ម៉ាកព្រូសបើកឆ្លងផ្លូវ មិនប្រុងប្រយ័ត្ន ក៏ត្រូវម៉ូតូជនរងគ្រោះចាប់ហ្វ្រាំងមិនទាន់បុកទាំងកំរោលតែម្តង ។

ហេតុការណ៏នេះ កើតឡើងការពីវេលាម៉ោង ០២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម កែងផ្លូវ ២២២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តព្រូសមួយគ្រឿង ជារថយន្តតាក់ស៊ី ពណ៌សលាយក្រហម និងខៀវ ពាក់ស្លាកលេខភ្នំពេញ 2AQ-3514 បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមឆ្លង ទៅផ្លូវលេខ២២២ ស្រាប់តែមានម៉ូតូម៉ាកស្កូបពី ពណ៌ប្រផេះមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1CL-1112 បើកតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនក៏បានបុករថយន្តតាក់ស៊ី ដែលកំពុងតែឆ្លងនោះយ៉ាងពេញទំហឹង បណ្តាលឲ្យបុរស២នាក់របួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីពេទ្យកាលម៉ែត រីឯរថយន្តបង្ក និងម៉ូតូខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង យករថយន្ត និងម៉ូតូយកទៅរក្សាទុក នៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំភាគីទាំងសងខាងមកដោះស្រាយទៅតាមនិតិវិធី ៕ ស​ តារា