ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាក់ស៊ីម៉ែត្របុកម៉ូតូអូសជាង ៣០០ម៉ែត្ររបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ៖ រថយន្តតាក់ស៊ីម៉ែត្រពណ៌ ខៀវអ្នកបើកបរមានធុំក្លិនស្រា ហើយបើកលឿនជ្រុលទៅបុកម៉ូតូអូសជាង៣០០ម៉ែត្រជាប់ក្រោមរថយន្តបណ្តាលឲ្យរងរបួសធ្ងន់២នាក់ និងស្រាលម្នាក់ ហើយអ្នកបើករថយន្តបង្ក ព្យាយាមរត់គេចមិនបានសម្រេចដែលគ្រោះ ថ្នាក់នេះ កើតឡើងនៅវេលាម៉ោង១១ និង ៤០នាទីយប់ ថ្ងៃទី១៥ ខែឧសភា តាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ១០៦ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
សាក្សីដែលឃើញហេតុការណ៍បានឲ្យ ដឹងថា មុនពេលកើត ហេតុគេឃើញបុរស ម្នាក់ជាអ្នកបើករថយន្តតាក់ស៊ីម៉ែត្រម៉ាកតូយ៉ូតាកូរ៉ូឡាពណ៌ខៀវពាក់ស្លាក លេខភ្នំពេញ2AE-8302 របស់ក្រុមហ៊ុនវាលស្បូវ មួយគ្រឿង បើកបរដោយមានធុំក្លិនស្រាតាមបណ្តោយ ផ្លូវព្រះនរោត្តមក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនប្រញាប់ទៅដឹកម៉ូយ ។ ចំណែកម៉ូតូរងគ្រោះម៉ាកគុបជ្រុង ពណ៌ទឹកប៉ិច ជិះគ្នា៣នាក់តាមផ្លូវ លេខ១០ ៦ ពាក់ស្លាកលេខកណ្តាល1E-5284 ធ្វើ ដំណើរតាមបណ្តោយផ្លូវ១០៦ ក្នុងទិសដៅពីកើតទៅលិច។ មកដល់ចំណុចកើតហេតុ រថយន្តបើកលឿន បុកចំពាក់កណ្តាលម៉ូតូ ពេញទំហឹងបណ្តាល ឲ្យអ្នកជិះម៉ូតូដួលខ្ទាតទៅនឹងថ្នល់ទាំង៣នាក់ រងរបួសធ្ងន់២នាក់ និងស្រាលម្នាក់។ ចំណែកឯម៉ូតូវិញត្រូវ រថយន្ត បុកអូសជាប់ពីមុខរថយន្តធ្វើឲ្យអ្នកបើករថយន្តបង្កបើករត់អូសម៉ូតូជាង៣០០ម៉ែត្រ រហូតដល់ចំណុចផ្លូវព្រះនរោត្តមកែងស្តុប ព្រះអង្គឌួងទើបមានប្រជាពលរដ្ឋនាំគ្នាឃាត់បានទាំងអ្នកបើកបរនិងរថយន្តដោយសារតែខឹងអ្នកបើក រថយន្តបុកម៉ូតូហើយមិនព្រមឈប់ព្យាយាមបើករត់ប្រជាពលរដ្ឋបាននាំគ្នាយកដុំថ្មទៅគប់និងវាតកញ្ចក់រថយន្ត បណ្តាលឲ្យបែកទាំងមុខនិងក្រោយ ។
ភ្លាមៗនោះអ្នកបើករថយន្តបង្កបានទូរស័ព្ទហៅមិត្តភក្កិបើក រថយន្តតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-0155 មកដល់ ឡើងជិះរថយន្តរត់គេចធ្វើឲ្យប្រជា ពលរដ្ឋជាច្រើននាក់ខឹងនាំគ្នាដេញតាមទៅដល់មុខមន្ទីរពេទ្យរ៉ូយ៉ាល់ ស្ថិតនៅក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខបានវាយបែក កញ្ចក់ក្រោយរថយន្តម៉ាកព្រូសនោះទៀត ហើយ រាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនអ្នកបើករថយន្តបង្កយកទៅដោះស្រាយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាន មកដល់វាស់វែងយករថយន្តនិងម៉ូតូព្រមទាំង អ្នកបើករថយន្តបង្កយកទៅដោះស្រាយនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំណែកអ្នករងរបួសត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន៕ ដោយ៖ សហការី

Untitled-29

Untitled-30