ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបើកកៀរម៉ូតូបណ្តាលឲ្យដួលរួចកិនបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តធុនធំមួយគ្រឿងបើកមកកៀរ​ បណ្តាលឲ្យដួលចូលក្រោមកង់រថយន្តកិនស្លាប់យ៉ាងអាណោចអាធម័ ។

ហេតុការណ៍​នេះបានកើតឡើង កាលពីវេលាម៉ោង៨ និង ៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមហាវិថីសហពន្ធ័រុស្ស៊ី ក្នុងភូមិ ក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះសេង សុខុម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររកត្រី មានស្រុកកំណើត នៅភូមិ ព្រែកតានប់ ឃុំ កំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្ដាល ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូម៉ាក ឌ្រីមសង់ ស៊េរី២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1GS-9956ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរូស្សុី​ក្នុងទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុស្រាប់តែមាន រថយន្តយីឌុប ក្បាលពណ៌ស ម៉ាកPUSO ពាក់ស្លាកលេខ ភ្នំពេញ 3B-1898 ធ្វើដំណើរមកពីក្រោយហើយបានកៀរម៉ូតូបណ្តាលឲ្យដួលខ្ទាតម្ចាស់ម៉ូតូចូលក្រោមរថយន្តកិនស្លាប់យ៉ាងអាណោចអាធម័ ។

ភ្លាមៗ រថយន្តបង្ករព្យាយាមបើករត់បានប្រមាណ១០០០ម៉ែត្រ ក៏ត្រូវប្រជាពរដ្ឋដេញពីក្រោយឃាត់បានទាំងរថយន្ត និងអ្នកបើកបរ ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍កាកាបទី២តែម្ដង ។ ក្រោយកើតហេតុ សមត្ថកិច្ចមកវាស់វែងយក រថយន្តបង្ករ និងម៉ូតូរងគ្រោះ ទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែក សាកសពក្រុមគ្រួសារយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ