ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបើកលឿនជ្រុលបុកបង្គោលភ្លើង និងស្លាកសញ្ញា​ហោះរំលងសួរច្បារបុករះរ៉ឺម៉ក និងរថយន្តស៊ីនទ្រីគាបជាប់គ្នា​ សំណាងល្អគ្មានអ្នករងរបួស

ភ្នំពេញ ៖ ​ នៅវេលាម៉ោង​១២និង៣០នាទី​រសៀល ថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយ រថយន្តដឹកដែកមួយគ្រឿងបានបើកបរលឿនជាន់ហ្រ្វាំងមិនស៊ីបានទាញ់ចង្កូតឡើងសួរច្បារបុករះបង្គោលភ្លើង​ និងស្លាកសញ្ញារួមទាំងរ៉ឺម៉ក និងឡានដឹកសំរាមមួយគ្រឿងទៀត​ នៅតាមបណ្តោយផ្លូវចំការដូង សង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា​ មុនដំបូងរថយន្តធុនធំដឹកដែក​មួយគ្រឿងបានបើកបរលើកំណត់ផ្លូវ​ ចំការដូង​ ក្នុងទិសដៅពីអតីតស្ពានដែកឡើងទៅរង្វង់ដីក្រហម​ក្នុងល្បឿនយ៉ាងលឿន​ ប៉ុន្តែខណៈមកដល់ចំណុចកើតហេតុបានគេចម៉ូតូនៅពីខាងមុខ​ក៏ទាញចង្កូតមកឆ្វេងដៃឡើងសួនច្បារបុករះបង្គោលភ្លើង និងស្លាកសញ្ញា​អូសជិត២០ម៉ែត្រ​ ក៏ជ្រុលផ្លោងទៅបុករ៉ឺម៉ក​ និងរថយន្តក្រុមហ៊ុនស៊ីនទ្រីពេញទំហឹង​ បណ្តាលឲ្យក្បាលរថយន្តបង្កគាបជាប់ជាមួយគូទថយន្តស៊ីនទ្រីមិនអាចបន្តដំណើរទៅមុខ​ និងរងការខូចខាតធ្ងន់ធ្ងរ​ តែក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមនុស្សរងរបួសឡើយ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចុះវាស់វែងអូសយករថយន្តបង្ក និងរ៉ឺម៉ករួមទាំងរថយន្តស៊ីនទ្រី​ទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរារណ៍ផ្លូវគោករាជធានីភ្នំពេញ​ ដោយសាររថយន្តបង្កធ្វើឲ្យប៉ះពាល់ដល់សម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិអ្នកដទៃ ៕ ភារ៉ា ដង្កោ