ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធ្ងន់បុកគ្រឿងចក្រដាច់ជា២កំណាត់ជ្រុលធ្លាក់ស្នាមភ្លោះរបួស២នាក់

ខេត្តពោធិ៍សាត់៖ យ៉ាងហោចអ្នកបើកបរគ្រឿងចក្រ(រ៉ូឡូ) និងអ្នកបើកបររថយន្តធុនធ្ងន់ចំនួន ២នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅគ្រាដែលកំពុងកសាងផ្លូវជាតិលេខ៥៥ នៅព្រំដែនកម្ពុជា-ថៃ។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចអាបួន ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានសមត្តកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៏លឿង ពាក់ស្លាកលេខ(ខ្ទេច)ដឹកថ្មពេញ បើកបរដោយឈ្មោះ ចាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ធ្ងន់) ធ្វើចរាចណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះទៅដល់ចំណុចកើតហេតុ រថយន្តដឹកធ្ងន់ចុះចំណតផងនោះ ក៏បានជ្រុលបុករ៉ូឡូដែលកំពុងកិនដីស្របទិសគ្នាពេញទំហឹងតែម្ដង ។

ប្រភពបន្តទៀតថា គ្រឿងចក្រ(រ៉ូឡូ)បានដាច់ជា ២កំណាត់រួចធ្លាក់ចូលស្នាមភ្លោះទាំង ២គ្រឿង ចំណែកអ្នកបើកបរទាំងសង្ខាងបានរងរបួសធ្ងន់ដូចគ្នា ហើយត្រូវបានគេបញ្ជូនសង្រ្គោះនៅឯខេត្តបាត់ដំបង ចំណែកវត្ថុតាងគ្រឿងចក្រ(រ៉ូឡូ) និងរថយន្តនៅក្នុងស្នាមភ្លោះនៅឡើយ ៕ ប៉ឹម ពិន