ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបាឡែនបើកបុកម៉ូតូស្គុបពីព្យាយាមរត់គេចទាំងទើរមនុស្សម្នាក់លើកញ្ចក់រថយន្ត មិនឈប់គ្រលែងឲ្យធ្លាក់តាមផ្លូវ

ភ្នំពេញ៖ វាជារឿងមួយដែលគួរឲ្យរន្ធត់ និងហួសចិត្តបំផុត បន្ទាប់ពីបុរសម្នាក់បានបើករថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង បានបុកម៉ូតូមួយគ្រឿងជិះគ្នា២នាក់ប្រុសស្រីទាំងកំរោលបណ្ដាលឲ្យបុរសជាអ្នកបើកម៉ូតូរងរបួសធ្ងន់ រីឯស្រ្តីម្នាក់ដែលរួមដំណើរបានផ្លោងទៅបុកកញ្ចក់ទើលើដំបូលរថយន្តបង្ក ហើយមិនព្រមឈប់ទទួលខុសត្រូវ បែរជាព្យាយាមរត់គេចខ្លួន រួចបើក​គ្រលែងឲ្យធ្លាក់ជនរងគ្រោះតាមផ្លូវ ហើយបើករត់បន្តរហូតមកដល់ជិតមន្ទីរពេទ្យសម្ដេចឪ ក៏ជ្រុលបុកតូបលក់បាយ ទៅមុខលែងរួច ។ ចំណែកអ្នកបើករថយន្តបង្ក និងអ្នករួមដំណើរម្នាក់ទៀតនាំគ្នាបើកទ្វាររត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅ និងកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ កើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ១៦៣កែង និងផ្លូវ៤៥៦ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតគេឃើញរថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AO-7245 បើកដោយបុរសម្នាក់ និងអ្នករួមដំណើរជាមួយបុរសម្នាក់ទៀត ធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដា ស្គុបពី ស៊េរី២០១៨ ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1W-8585 ជិះគ្នា២នាក់ប្រុសស្រី កំពុងបើកស្របគ្នាពេញទំហឹង បណ្ដាលឲ្យបុរសរងរបួសធ្ងន់នៅ និងកន្លែង ចំណែកស្ត្រីម្នាក់បានផ្លោងទៅបុកកញ្ចក់ទើលើដំបូលរថយន្តបង្ក ហើយមិនព្រមឈប់ទទួលខុសត្រូវ បែរជាព្យាយាមរត់គេចខ្លួន រួចបើក​គ្រលែងឲ្យធ្លាក់ជនរងគ្រោះតាមផ្លូវលេខ៤១០ ហើយបើករត់បន្តរហូតមកដល់ជិតមន្ទីរពេទ្យសម្ដេចឪ ហើយរថយន្តបើករត់បន្តទៅទៀតរហូតដល់ផ្លូវ១៣៤ក៏ជ្រុលបុកតូបលក់បាយ ទៅមុខលែងរួច ។ ចំណែកអ្នកបើករថយន្តបង្ក និងអ្នករួមដំណើរម្នាក់ទៀតនាំគ្នាបើកទ្វាររត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅ និងកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ និងទាក់ទងទៅ​នគរបាលជំនាញមកវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕ ស រស្មី