ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុករះម៉ូតូសណ្តោងរ៉ឺម៉ក រួចជ្រុលទៅបុកម៉ូតូ២គ្រឿងទៀត បណ្តាលឲ្យមនុស្ស៧នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ ៖ រថយន្តមួយគ្រឿងបុករះម៉ូតូសណ្តោងរ៉ឺម៉ក រួចជ្រុលទៅបុកម៉ូតូ២គ្រឿងទៀត បណ្តាលឲ្យមនុស្ស៧នាក់ រងរបួសធ្ងន់ស្រាលហេតុការណ៍ការនេះបង្កការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជិត១០យប់ ថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ80 ជាប់និងរបងខាងជើងមន្ទីរពេទ្យកាល់ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងហេតុការណ៍ បានឲ្យដឹងថា គេឃើញម៉ូតូសណ្តោងរ៉ឺម៉កបានដឹកអ្នកដំណើរពេញរ៉ឺម៉ក មានទាំងក្មេង មានទាំងចាស់ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៨០ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាកហុងដា CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2E-6066 ដែលបើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនយ៉ាងលឿន ហើយរថយន្តបានរេចង្កូតមកឆ្វេងដៃ បុកម៉ូតូសណ្តោងរ៉ឺម៉ក ចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យរ៉ឺម៉កម៉ូតូក្រឡាប់បណ្តាលឲ្យមនុស្សនៅលើរ៉ឺម៉ករងរបួសធ្ងន់ស្រាល៧នាក់ ចំណែករថយន្តនៅមិនទាន់អស់ល្បឿន បានជ្រុលទៅបុកម៉ូតូ២គ្រឿងទៀតគៀបជាប់និងផើងផ្កាបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសស្រាល ។

‎បន្ទាប់ពីកើតហេតុជនរងគ្រោះទាំងអស់ត្រូវបានប្រជាពលរដ្ឋដឹកបញ្ចូនចូលមន្ទីពេទ្យកាល់ម៉ែត ចំណែកម្ចាស់រថយន្តបានចុះពីលើរថយន្ត គេចខ្លួនបាត់ស្រមោល ។ រីឯម៉ូតូ ២គ្រឿងដែលត្រូវរថយន្តបុកនោះ បានយកម៉ូតូជិះចេញពីកន្លែងកើតហេតុទៅបាត់ ដោយមិនចង់នៅមានរឿងវែងឆ្ងាយឡើយ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរឲ្យចុះមកវាស់វែង យករថយន្ត និងរ៉ឺម៉កម៉ូតូទៅរក្សាទុកនៅការិយាល័យ នៃស្នងការដ្ឋាននគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នាជាក្រោយតាមនីតិវិធី ៕ ជ្រោយពេជ្រ