ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកអ្នកជិះម៉ូតូរបួសធ្ងន់ម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយរវាងអ្នកបើកបររថយន្តបុកអ្នកជិះម៉ូតូ ខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៥។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១ និង៤៧នាទី រសៀល ថ្ងៃសៅរ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្ត ១គ្រឿងធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានបុកអ្នកជិះម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៍ខ្មៅ គ្មានស្លាកលេខ រួចអូសទើបអស់ល្បឿន ខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យភាគីខាងម៉ូតូឈ្មោះ ប្រាក់ ចាន់ ភេទប្រុស បច្ចប្បន្ន រស់នៅភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (របួសធ្ងន់) បញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ។

ប្រភពព័ត៌មានដដែលបន្តទៀត ចំណែកអ្នកបើកបររថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ចង្កូតឆ្វេង ពណ៌សលាយខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A 1332 ឈ្មោះ ចាប រស្មី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមុខរាហ៍ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

បច្ចុប្បន្ន វត្ថុតាងរថយន្តរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរតាប៉ោង៕ ប៉ឹម ពិន