ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកឆ្លងផ្លូវត្រូវរ៉ឺម៉កបុកបណ្តាលឲ្យរបួសម្នាក់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួស ខណៈបើកបររ៉ឺម៉កហើយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលរថយន្តដែលបើកឆ្លងផ្លូវមិនប្រយ័ត្ន កាលពីវេលាម៉ោង១រសៀល ថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកដីពណ៍ក្រហម គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាបតែទាញចង្កូតបតឆ្វេងឆ្លងផ្លូវភ្លាមនោះស្រាប់តែមានបុរសម្នាក់បើកបរម៉ូតូសណ្តោងរ៉ឺម៉កធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងដោយចាំហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពីចំហៀងនៃរថយន្តពេញទំហឹងបណ្តាលឲ្យរងរបួសចំណែករថយន្ត និងរ៉ឺម៉ករងការខូចខាត ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ