ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកបុកម៉ូតូឆ្លងផ្លូវបណ្តាលឲរបួសធ្ងន់២នាក់

ខេត្តកំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកម៉ូតូឆ្លងកាត់ផ្លូវបណ្តាលឲ្យរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃពុធ ១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកកាមរី ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AG.7973 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។

ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1A.8203 បើកបរដោយ ឈ្មោះ អ៊ុន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិពពក ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ រងរបួសធ្ងន់ មិនពាក់មួកសុវត្ថិភាព អ្នករួមដំណើរឈ្មោះ ឌឹម អ៊ង ភេទស្រី អាយុ៦៧ឆ្នាំ នៅភូមិឈើទាល ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព ។ មូលហេតុ បង្កឡើងដោយ អ្នកបើកបរម៉ូតូបើកឆ្លងកាត់ផ្លូវខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តបើកមានល្បឿនលឿនដល់ចំណុចផ្លូវប្រសព្វសញ្ញាលេខបូក ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងវាស់វែងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង រង់ចាំ ដោះស្រាយគ្នាជាក្រោយ ៕ ប៊ុនរិទ្ធី