ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនរេចង្កូតប៉ះគ្នាជាមួយត្រាយស្ល័រដឹកអេស្កាវ៉ាទ័របន្តទៅប៉ះ ណាវ៉ារា ទៀត

ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបែនដឹកដីជាមួយរថយន្តត្រាយស្ល័រ ដឹកអេស្កាវ៉ាទ័របណ្តាលឲ្យរេចង្កូត ទៅបុកណាវ៉ារាមួយគ្រឿងទៀត ធ្វើឲ្យតៃកុងឡានបែនរងរបួសផងដែរ ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៩និង៥៤នាទីយប់ ថ្ងៃព្រហស្បតិ៍ ៥កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥៥-៥៦ ចំណុចភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទងបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក​នីសាន់​ (NISSAN) ពណ៍សរ (ឡានបែន) ពាក់ស្លាកលេខ ភ្នំពេញ ៣D.៧៤៤៩ អ្នកបើកបរឈ្មោះ ហួ គីមឆុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បើកបរពីលិចទៅកើត លុះមកដល់ចំណុចខាងលើបានបុកជាមួយរថយន្ត១គ្រឿងម៉ាកហ៊្វុយស្សូ ពណ៌សរ លាយក្រហម ពាក់ផ្លាកលេខភ្នំពេញ ៣A.៥៨៣៥ មានដឹកអេស្កាវ៉ាទ័រ(អាអ៊ិច) អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ ដែលបើកបរមកពីកើតទៅលិចពេលនោះស្រាប់តែ រថយន្តនីសាន់ (បែន) បានរេចង្កូតទៅប៉ះរថយន្ត១គ្រឿងទៀតម៉ាកនីសាន់ ណាវ៉ារា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ២AU.០១៨០ អ្នកបើកបរឈ្មោះ ឡេង តិចយូ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិ ពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរពីកើតទៅលិច បណ្តាលឲ្យអ្នកបើករថយន្ត នីសាន់ (បែន) រងរបួសស្រាល បានបញ្ជូន ទៅពេទ្យសម្ភពសុខណា រថយន្តនីសាន់ (បែន) ខូចធ្ងន់ ហើយរថយន្ត២គ្រឿងទៀត និងអាអ៊ិចខូចស្រាល ពេលនោះផងដែរអេស្កាវ៉ាទ័រ(អាអ៊ិច)ធ្លាក់ពីលើរថយន្តបែន។

ក្រោយកើតហេតុសមត្ថកិចបានធ្វើកំណត់ហេតុវាស់វែងចំពោះវត្ថុតាងរថយន្ត និងអាអ៊ិច សមត្ថកិច្ចកំពុងទំនាក់ទំនងរថយន្តស្ទូចឲ្យមកស្ទូច យកទៅរក្សាទុករង់ចាំឲ្យភាគីទាំងអស់ចូលខ្លួនមកដោះស្រាយគ្នាដោយសន្តិវិធី ៕ សេនាស័ក្តិ