ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូបណ្តាលឲ្យយុវជនម្នាក់ស្លាប់នៅកន្លែងកើតហេតុ

ភ្នំពេញ៖ ហេតុការណ៍ដ៏រន្ធត់មួយ ដោយរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿង បានបើកបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

បុរសដែលស្លាប់ក្នុងថ្លុកឈាមឈ្មោះ ចាន់ណា អាយុប្រហែល២១ ឆ្នាំ មុខរបរជាងកញ្ចក់នៅស្ទឹងមានជ័យ មានស្រុកកំណើតស្រុកអង្គស្នួល ខេត្ដកណ្ដាល។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យកាសែតនគរវត្តដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ដែលពាក់ស្លាកលេខ ភ្នំពេញ1SU-3522 ធ្វើដំណើរតែម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដមួយគ្រឿង មិនចាំម៉ាក ធ្វើដំណើរបញ្ច្រាសទិសគ្នា មកបុកម៉ូតូជនរងគ្រោះពេញមួយទំហឹងតែម្ដង ភ្លាមនោះរថយន្ដបង្កបានបើករថយន្ដគេចខ្លួនបាត់ស្រមោល។

NKD-36x6_outline

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងទាក់ទងជំនាញចរាចរណ៍ខណ្ឌ មកយកម៉ូតូទៅរក្សាទុក ចំណែករថយន្ដ និងម្ចាស់គេចបាត់ ចំណែកសាកសពត្រូវបានរថយន្ដដឹកសពដឹកយកទៅតម្កល់នៅវត្ដទឹកថ្លា រង់ចាំស្វែងរកក្រុមគ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ