ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកលឿនបុកម៉ូតូបុរសវ័យចំណាស់បណ្តាលឲ្យបាក់ជើងឆ្វេង២កំណាត់

 

ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់ បានរងរបួសបាក់ជើងជា២កំណាត់ ហើយត្រូវបារថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺភ្លាមៗ ខណៈដែលជិះម៉ូតូម្នាក់ឯងកណ្តាលអធ្រាត្រ ហើយត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុក និងកិន ហើយ ក្រោយកើតហេតុ រថយន្តបង្កបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍រថយន្តបុកម៉ូតូបានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូលេខ១៤៣ ខាងត្បូងសាលាខេត្តកំពង់ស្ពឺ ត្រង់ចំណុចភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងច្បារមនបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមិនស្គាស់ម៉ាក បើកបរតាមបណ្តោយផ្លូវជាតិលេខ១៤៣ មកពីទិសខាងត្បូងទៅទិសខាងជើង លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ ១F៣៤៥៣ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាមកពីទិសខាងជើងទៅត្បូង ។ ជនរងគ្រោះឈ្មោះ អ៊ុក សំអឿន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកសិករ សព្វថ្ងៃរស់នៅក្នុងភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បណ្ដាលរងរបួសជាទម្ងន់ បាក់ជើងខាងឆ្វេងជា២កំណាត់ផងដែរ ។

ក្រោយពីទទួលបានហេតុនេះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ភ្លាមតាមរករថយន្ដបង្ក និងបានហៅរថយន្ដដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ករណីខាងលើនេះនគរបាលជំនាញកំពុងស្រាវជ្រាវរករថយន្តបង្ករហេតុ កសាងសំណុំរឿងតាមនិតិវិធី ៕ សេនា សក្តិ