ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកមន្ត្រីនគរម្នាក់បាក់ជើងរបួសធ្ងន់

ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលមួយរូប បានរងរបួសបាក់ជើងធ្ងន់ធ្ងន់ ហើយត្រូវបានរថយន្តសាមុយរបស់គ្លីនិកឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ ខណៈដែលជិះម៉ូតូម្នាក់ឯង ហើយត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកបញ្ច្រាសទិស បុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យអូសជាច្រើនម៉ែត្រ ។ ក្រោយបង្កហេតុរួច តៃកុងរថយន្តបានបន្ថែមល្បឿនរត់គេចខ្លួនទៅទិសខាងកើតបាត់ស្រមោល កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៩ លេខ៤០ ស្ថិតនៅក្នុងភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលរងគ្រោះមានឈ្មោះ លូ វណ្ណារិទ្ធ អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួសបាក់ជើងធ្ងន់ធ្ងរ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HA1098 បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តដឹកដីមិនស្គាល់ម៉ាកមួយគ្រឿង ដែលបើកបរបញ្ច្រាសទិសគ្នា បុកចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យដួលអូសជាច្រើនម៉ែត្រផងដែរ ។

បន្ទាប់ពីឃើញមន្ត្រីនគរបាលរងរបួសខាងលើរួចមក តៃកុងរថយន្តបានបន្ថែមល្បឿនរត់គេចបាត់ ។ ក្រោយកើតហេតុរថយន្តសង្រ្គោះ បានដឹកជនរងគ្រោះទៅព្យាបាល ។ រីឯនគរ បាលជំនាញចុះវាស់វែងយកម៉ូតូដែលរងការខូចខាតស្ទើរតែទាំងស្រុងនោះ ទៅរក្សាទុករង់ចាំសាច់ញាតិមកទទួលយក ៕ សេនាស័ក្តិ