ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូពីក្រោយបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ

ភ្នំពេញ​៖ បុរសជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាចអាធម័ ខណៈកំពុងជិះម៉ូតូម្នាក់ឯងហើយត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកមកបុកពីក្រោយហើយគេចខ្លួនបាត់ ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២២​ ខែតុលា​ឆ្នាំ២០១៨ ​នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី​ស្ថិតក្នុងភូមិព្រៃទា​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​ ។

តាមសាក្សីនៅកន្លែងកើតហេតុបា​នឲ្យដឹងថា​ មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម​ សង់​ ស៊េរី ឆ្នាំ២០០៨​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ កណ្តាល​ 1K 9708 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមិនចាំម៉ាកមួយគ្រឿងធ្វើដំណើរមកពីក្រោយហើយបុកបណ្តាលឲ្យអូសជាច្រើនម៉ែត្រ ធ្វើឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែករថយន្តបង្កបានបើកគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងវាស់វែងយកសពទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ