ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបុករ៉ឺម៉កដឹកឈើពីក្រោយ តែមិនបណ្តាលឲ្យរងរបួសដល់មនុស្ស

ខេត្តស្ទឹងត្រែង៖ រថយន្តហ្វូតពណ៌កណ្តុរប្រមេះ គ្មានស្លាកលេខ បើកបុករ៉ឺម៉កដឹងឈើពីក្រោយ ខណៈបើកបរស្របទិសគ្នា ដោយខាងរ៉ឺម៉កគ្មានដាក់ចំណាំងផ្លាត ទើបបណ្តាយឲ្យបុកពេញទំហឹងធ្វើឲ្យរថយន្តខូចរថយន្តផ្នែកខាងមុខ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ មនុស្សទេ តែក្រោយកើតហេតុតៃកុងម៉ូតូរត់ឡើងរថយន្តគេ គេចបាត់ស្រមោល ។

ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៩ នៅចំណុច ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង វេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ។

លោកមេប៉ុស្តិ៍ ឃុំសំអាង ឈ្មោះគង់ ស៊ីណា មិនបានបញ្ចាក់ឲ្យបានច្បាស់លាស់នោះទេ ជុំវិញរឿងនេះ តាមទូរស័ព្ទនៅរសៀល ថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ លោកគ្រាន់តែបញ្ជាក់ថា ក្រោយកើតហេតុ តៃកុងរ៉ឺម៉កបានរត់ឡើងរថយន្តមួយទៀតចេញទៅបាត់ ក្រោយមក ម្ចាស់រថយន្តរងគ្រោះនោះមកសុំ រថយន្តយកទៅជួសជុលប្រើវិញ ព្រោះមិនឃើញភាគី ខាងម៉ូតូរ៉ឺម៉កមកដោះស្រាយនោះដែរ ។

លោកបញ្ជាក់ថា ចំណែកអត្តសញ្ញាណលោកថា មិនបានដឹងនោះទេ ព្រោះរឿននេះបានបញ្ជូនទៅអធិការស្រុកអស់ហើយ ទើបលោកមិនចាំ ហើយលោកថា ជាប់ប្រជុំ ឲ្យសួរទៅរងប៉ុស្តិ៍ទៅគាត់ជាអ្នកធ្វើរឿងនេះ ។ បច្ចុប្បន្នរថយន្តរងគ្រោះ និងម៉ូតូរ៉ឺម៉ក ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំសំអាង រង់ចាំភាគីទាំងសងខាងដោះស្រាយតាមច្បាប់ ៕ មាស សុផាត