ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿង និងម៉ូតូ២គ្រឿងបុកគ្នា​ បណ្ដាលឲ្យមនុស្ស៣នាក់របួសធ្ងន់ ស្រាល

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តមួយគ្រឿង នឹងម៉ូតូ២គ្រឿង បុកគ្នាបណ្តាលឲ្យមនុស្សប្រុស៣នាក់ រងរបួសធ្ងន់ ស្រាល ហើយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូរងគ្រោះ២គ្រឿង និងរថយន្តបង្កខូចខាតយ៉ាងដំណំ​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង៤០ នាទីព្រឹក ថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ មុខបឹងតាមោគ លើផ្លូវទំនប់កប់ស្រូវ ភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កម៉ាក HYUNDAI ពណ៌ខៀវ អត់ពាក់ស្លាកលេខ ប្រភេទមួយតោនកន្លះ (ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់)។ ចំណែកម៉ូតូរងគ្រោះ២គ្រឿង មួយម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F-3237 អ្នកបើកត្រូវបានយកទៅមន្ទីរពេទ្យមិនទាន់ស្គាល់អត្តសញ្ញាណ និងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រី C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CJ -3679 ជិះគ្នា២នាក់បើកបរក្នុងទិសដៅពីលិចទៅកើត ទិសដៅបញ្រ្ចាសគ្នាបើកបរដោយឈ្មោះ សាន សាក់ ភេទប្រុស អាយុ ៤៧ឆ្នាំ ស្នាក់នៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល រួមដំណើរដោយឈ្មោះ មឿន មាជ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (របួសធ្ងន់) ។

ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក បានធ្វើដំណើរតាមផ្លូវទំនប់កប់ស្រូវ ក្នុងទិសដៅពីកើតទៅលិច បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ លុះមកដល់កន្លែងកើតហេតុ ក៏បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ស្របទិសគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូម្នាក់របួសស្រាល ហើយរថយន្តបានរេចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CJ-3679 ស៊េរីឆ្នាំ២០១៤ ជិះគ្នា២នាក់បើកបរក្នុងទិសដៅពីលិចទៅកើត ទិសដៅបញ្ច្រាសគ្នាបណ្ដាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរម្នាក់របួសធ្ងន់ស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញយករថយន្ត និងម៉ូតូទៅរក្សារទុកបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ ចាន់ធឿន