ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកវីហ្គោបើកបរមិនប្រកាន់ស្ដាំកៀរម៉ូតូ២គ្រឿងរបួសមនុស្ស៤នាក់

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សចំនួន៤នាក់បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តម៉ាក វីហ្គោ បុករះម៉ូតូចំនួន ២គ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកៀរម៉ូតូចំនួន២គ្រឿងខាងលើ បានកើតឡើងកាលវេលាម៉ោង៦ និង១៥នាទី ព្រលប់ថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧.៣៨ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញឃើញថា មុនដំបូងគេឃើញរថយន្ត ១គ្រឿងម៉ាក តូយូតាហុីលុចវីហ្គោ ចង្កូតឆ្វេង ពណ៌ស ពាក់ស្លាកលេខ ពោធិសាត់ 2B 3777 ក្នុងរថយន្តបង្កមានមនុស្សចំនួន ០៧នាក់បើកបរដោយឈ្មោះ ចាន់ សុភារៈ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលកៀរម៉ូតូ ១គ្រឿង ដែលកំពុងជិះឆ្លងថ្នល់ក្នុងទិសដៅពីជើងទៅត្បូងបទឆ្វេង រួចរថយន្តនោះបន្តទៅកៀរម៉ូតូ ១គ្រឿងទៀតដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យភាគីខាងម៉ូតូរបួសរដូករណេលតែម្ដង ចំណែកភាគីខាងរថយន្តទាំងចំនួន ០៧នាក់ពុំមានរងរបួសនោះឡើយ ។

ក្នុងរបាយការណ៍ខាងលើបន្តថា ម៉ូតូជិះឆ្លងថ្នល់ពីជើងទៅត្បូងបត់ឆ្វេងត្រូវបានរថយន្តកៀរម៉ាក សង់កូរ៉េ(ចាស់) បើកបរដោយឈ្មោះ អ៊ុំ វិចិត្រា ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ(របួសដាច់មេដៃខាងឆ្វេងត្រឹមគល់ក្រចក) និងម៉ូតូ ១គ្រឿងទៀតម៉ាក វ៉េវអាល់ហ្វា សេ១០០ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច បើកបរដោយឈ្មោះ ណោ សុខជា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ(របួសស្រាល) និងអ្នករួមដំណើរ(ប្រពន្ធ)ឈ្មោះ សុខ ធី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ(របួសស្រាល) កូនឈ្មោះ ជា ក្រូច ភេទស្រី អាយុ ០៤ឆ្នាំ ជនជាតិខ្មែរ(របួសបាក់ភ្លៅខាងស្ដាំ) ជនរងរបួសរស់នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

របាយការណ៍ដដែលបន្តទៀតថា មូលហេតុក្នុងការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដោយសារអ្នកបើកបររថយន្តបង្កមិនប្រកាន់ស្ដាំទើបបណ្ដាលឲ្យមនុស្សរងរបួស ហើយជនរងរបួសទាំងចំនួន ០៤នាក់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូទាំង ២គ្រឿងបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ រងចាំធ្វើការវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ៕ ប៉ឹម ពិន