ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តយីឌុបបុកបង្កាន់ដៃស្ពាន ឡានត្រូវដាច់ជា៦កំណាត់របួសធ្ងន់ស្រាល២នាក់ សង្ស័យអ្នកបើកងងុយដេក

ខេត្តកំពង់ធំ៖ រថយន្តយីឌុបភ្លៅ៥ បានដាច់ជា៦កំណាត់ ខណៈបើកបុកបង្កាន់ដៃស្ពានពេលមួយទំហឹង តែសំណាងល្អជនរងគ្រោះ២នាក់រួចផុតពីជីវិត ត្រឹមរបួសធ្ងន់និងស្រាល ដែលគេសង្ស័យថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបរងងុយដេក។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចលើស្ពានពោធិ៍ខាវ ស្ថិតក្នុងភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តយីឌុបមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកំពង់ឆ្នាំង3A-0467 ក្បាលពណ៌ស ទ្រុងពណ៌បៃតង បើកក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុក៏ឮសូរសំលេងយ៉ាងខ្ទរលាន់ដូចរន្ទះបាញ់ទាំងកណ្តាលអាធ្រាត្រ ខណៈរថយន្តយីឌុបនេះបានទៅបុកបង្កាន់ដៃស្ពាន ខ្ទាតនិងដាច់ជា៦កំណាត់។ ដោយឡែកបង្កាន់ដៃស្ពានពោធិ៍ខាវក៏បាក់ខ្ទេចទាំងស្រុងប្រវែងជាង៥ម៉ែត្រ ហើយទ្រុងរថយន្តយីឌុបក៏ដាច់ធ្លាក់ចូលក្រោមស្ពាន ម៉ាស៊ីនរថយន្តដាច់ធ្លាក់មកលើកណ្តាលផ្លូវ ក្បាលរថយន្តធ្លាក់ចញ្ចើមថ្នល់ កង់មុខជាប់និងក្បាលស្ពាន កង់ក្រោយដាច់ធ្លាក់ចូលប្រឡាយ និងបំណែករថយន្តជាច្រើនទៀតបានខ្ទាតរប៉ាត់រប៉ាយពេញផ្លូវ។

ចាត់ទុកថាជាសំណាងល្អមួយក្នុង១ពាន់គ្រោះថ្នាក់ ដែលរថយន្តដាច់ខ្ទេចទាំងស្រុង ចំណែកឯមនុស្សចំនួន២នាក់ រងគ្រោះត្រឹមតែរបួសធ្ងន់និងស្រាល ហើយអ្នកបើកបរក៏បានរត់គេចខ្លួនបាត់ស្រមោល នៅសល់តែព្រូឡាន និងអ្នករួមដំណើរដែលរងរបួសនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។

​សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ប្រសិនបើមិនបុកបង្កាន់ដៃស្ពានទេនោះ អាចនិងជ្រុលជ្រោះទៅបុកលំនៅដ្ឋានប្រជាពលរដ្ឋ ឬជ្រុលធ្លាក់ប្រឡាយខណៈអ្នកបើកបរងងុយ៕

f1e17cdc-d9de-4f56-963d-6a4c74af7dfb
ដោយ៖ ប៊ុន រិទ្ធី