ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តយោធា បើកបុកម៉ូតូ របួសធ្ងន់២នាក់

ខេត្តកំពង់ស្ពឺ៖ រថយន្តស្លាកលេខ ខ.ម ១គ្រឿង បានបើកជ្រុលចង្កូតបុកម៉ូតូ១គ្រឿងបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យភាគីម៉ូតូចំនួន២នាក់ រងរបួសធ្ងន់ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៦ និងឆ៥នាទីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៤៤ ក្នុងភូមិតាម៉ុុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

អ្នកបើករថយន្តឈ្មោះឈុន ស្រេង ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន បើករថយន្តម៉ាកតូយ៉ូតា១បាំងកន្លះ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខម ០៥ ២-៨៤២០ ។ ចំណែកភាគីជនរងគ្រោះទី១-ឈ្មោះ អ៊ុំ វ៉ុន ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពាក់ស្លាកលេខ កំពង់ស្ពឺ១H-១៩៨៣ និងទី២-ឈ្មោះ ជែល រី ភេទស្រី អាយុ៣៦ឆ្នាំ ។ ពួកគេទាំង២នាក់ រស់នៅភូមិព្រៃសំរោង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ក បើកបរពីលិចទៅកើត ។ លុះបើកមកដល់ចន្លោះគីឡូម៉ែត្រលេខ៣-៤ រថយន្តបានជ្រុលចង្កូតបុកម៉ូតូរងគ្រោះដែលកំពុងបើកបញ្ច្រាសទិសពីកើតទៅលិច ចំពីមុខពេញទំហឹង ខ្ទាតជនរងគ្រោះទាំង២នាក់ចេញពីម៉ូតូជាច្រើនម៉ែត្រ បណ្តាលឲ្យអ្នកបើកម៉ូតូ រងរបួសបាក់ជើងឆ្វេងធ្ងន់ និងស្ត្រីម្នាក់ទៀតដែលជិះជាមួយ ក៏រងរបួសធ្ងន់ដែរ ។

ក្រោយពេលកើតហេតុ ប៉ូលិសចរាចរណ៍ បានចុះដល់ទីតាំងកើតហេតុ ប្រញាប់បញ្ជូនជនរងគ្រោះមកមន្ទីរពេទ្យ សង្គ្រោះ ។ ដោយឡែកយានជំនិះទាំង២គ្រឿង ប៉ូលិសចរាចរណ៍ខេត្ត វាស់វែងតាមបច្ចេកទេសរួច បានយកមករក្សាទុក ដើម្បីឲ្យភាគីទាំង២ ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕សេនាស័ក្តិ