ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តលាយស៊ីម៉ងត៍ជីធានបុករះរថយន្ត៣គ្រឿង

ភ្នំពេញ៖ អ្នកបើករថយន្ដធុនធំលាយស៊ីម៉ងត៍ របស់ក្រុមហ៊ុនជីធានស្រវឹងស្រាជោកជាំ បានបើកបុករះរថយន្ដ៣គ្រឿងនិង ម៉ូតូ១គ្រឿងជាបន្តបន្ទាប់បណ្ដាលឲ្យ ខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររថយន្ដ រត់គេចខ្លួនបាត់ស្រមោល តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។

 

ហេតការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 

មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ស្វាយប៉ាក បាននិយាយថា រថយន្តបង្កជាប្រភេទ រថយន្ដលាយស៊ីម៉ងត៍ធុនធំ របស់ក្រុមហ៊ុនជីធាន ពាក់ស្លាកលេខភ្នំពេញ៥A០២៦៩។

ដោយឡែកអ្នក បើកបរមិនត្រូវបានស្គាល់ពីអត្តសញ្ញាណ្ណនោះទេ ពីព្រោះក្រោយកើតហេតុបានបើកទ្វាររថយន្ដ រត់គេចខ្លួនបាត់ស្រមោលទៅហើយ។

 

ចំណែករថយន្ដរងគ្រោះទី១-ម៉ាកទួរីសជាប្រភេទ រថយន្ដរត់ឈ្នួលពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ២Y៤ ៧៦៦ អ្នកបើកបររថយន្ដឈ្មោះ ម៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរជាអ្នករត់តាក់ស៊ី ស្នាក់នៅខេត្តកំពង់ចាម។

 

រថយន្ដរងគ្រោះទី២ម៉ាក SIENNA ពណ៍ស ពាក់ស្លាក លេខភ្នំពេញ២X៨៧២១ អ្នកបើកបររថយន្ដមិនបានប្រាប់ ពីអត្តសញ្ញាណ្ណនោះទេព្រោះខ្លាចអ្នកកាសែត និងទូរទស្សន៍យកឈ្មោះគាត់ទៅផ្សាយ។ ម៉ូតូរងគ្រោះទី៣-ម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម ១H-៦២៩០ អ្នកបើកបរឈ្មោះរ៉ាក់ ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរ ជាមន្ត្រីក្រសួងការងារ ស្នាក់នៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

រថយន្ដរងគ្រោះទី៤-បាន ចតចោលនៅខាងមុខផ្ទះជារថយន្ដម៉ាកមែរសឺដេសពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២C-៧០៥៩ ម្ចាស់រថយន្ដ ឈ្មោះវិបុល ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរលក់ដូរ ស្នាក់នៅ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

មន្ត្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ស្វាយប៉ាកបាននិយាយទៀតថា យោងតាមសាក្សីដែលនៅកន្លែងកើតហេតុ មុនកើត ហេតុគេបានឃើញរថយន្ដលាយស៊ីម៉ងត៍ របស់ក្រុមហ៊ុនជី ធានបើកបរដោយបុរសម្នាក់ ដោយពុំស្គាល់ពីអត្តសញ្ញាណ្ណ យ៉ាងលឿនរេចង្កូតពេញផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងស្ថានភាពស្រវឹងជោកជាំបើកបញ្ច្រាសទិស ជាមួយម៉ូតូ១គ្រឿង និងរថយន្ដ៣គ្រឿងដែលធ្វើដំណើរពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្ដលាយស៊ីម៉ងត៍បានរេ ចង្កូតទៅបុកពីចំហៀងរថយន្ដទួរីសរួចបន្ត ទៅបុករយន្ដ១គ្រឿងទៀតម៉ាក SIENNA និងម៉ូតូ១គ្រឿងទៀតបណ្ដាល ឲ្យដួល ខណៈនោះរថយន្ដបង្កលាយស៊ីម៉ងត៍ពុំទាន់អស់ ល្បឿនបានបន្តទៅ បុករះរថយន្ដបន្ថែម១គ្រឿងទៀត មែរសែដេស ចតស្ងៀមនៅនឹងកន្លែងបណ្ដាលឲ្យ ខូចខាតទាំងម៉ូតូ និងរថយន្ដយ៉ាងដំណំ ប៉ុន្តែមិនបណ្ដាល ឲ្យមាននរណាម្នាក់រងរបួសនោះឡើយ។

 

មន្ត្រីនគរបាលមូលដ្ឋានបានបន្តថា ក្រោយកើតហេតុ អ្នកបើកបររថយន្ដលាយស៊ីម៉ងត៍ របស់ក្រុមហ៊ុនជីធាន បានបើក ទ្វាររថយន្ដដាក់មេប្រូជបាត់ទៅហើយ។ ដោយឡែករថយន្ដ បង្ក របស់ក្រុមហ៊ុនជីធានរួមទាំងម៉ូតូ និងរថយន្ដរបស់ជនរងគ្រោះ៤គ្រឿងទៀត ត្រូវបានកម្លាំងសមត្ថកិច្ចចុះវាដ់វែង និងសម្រេចយកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់ជាបន្តទៀត៕ ហេង នរិន្ទ្រ

Untitled-23

Untitled-24