ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តលាយស៊ីម៉ងត៍បើកមិនគោរពសិទ្ធិអាទិភាពកិនអ្នកជិះម៉ូតូបញ្ច្រាសគ្នាធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តស្វាយរៀង៖ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗគួរឲ្យរន្ធត់បំផុត បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលយ៉ាងច្រើនកុះកុញ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ខណៈដែលបុរសនោះជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហ៊ីណូលាយស៊ីម៉ងតិ៍ បុកម៉ូតូដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៩ និង១០នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៤-១៤៥ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា បុរសរងគ្រោះឈ្មោះ ចាន់ សារឿន អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ជិះម៉ូតូ១គ្រឿងម៉ាកវ៉េវ ពាក់ស្លាកលេខ វៀតណាម 54X-0967។ ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះក្រោយកើតហេតុ បានរត់គេចខ្លួនភ្លាមៗបន្សល់ទុកតែរថយន្ត១គ្រឿង ម៉ាកហ៊ីណូ ប្រភេទក្រឡុកស៊ីម៉ងត៍ ពាក់ស្លាកលេខ ស្វាយរៀង 5A-0040។

បើតាមសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្កធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ១។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលបុកម៉ូតូ១គ្រឿង ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ដួលចូលក្រោមរថយន្តកិនបែកក្បាលធ្លាយខួរស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ក្រោយពីឃើញសភាពការមិនស្រួល អកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅនឹងកន្លែង។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងអូសយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះកើតឡើង គឺដោយសារអ្នកបើកបររថយន្តបើកមិនគោរពសិទ្ធអទិភាព ទើបជ្រុលបុកម៉ូតូកិនមនុស្សបែកក្បាលធ្លាយខួរស្លាប់តែម្តង៕ យឹម សុថាន