ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តវីស្តូបើកបុកម៉ូតូរ៉ឺម៉កកង់បីក្រឡាប់ផ្ងារជើងបណ្តាលឲ្យបុរសម្នាក់រងរបួស

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសស្រាល ខណៈកំពុងបើកបរម៉ូតូរ៉ឺម៉កកង់បីសុខស្រាប់តែត្រូវរថយន្តវីស្តូ បើកមកបុកពីក្រោយបណ្តាលឲ្យក្រឡាប់ផ្ងាជើង ។

ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃសៅ១១កើត ខែបឋមសាធ ឆ្នាំច សំរិទ្ឋស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១ និង២៥នាទីរំលោងអធ្រាតនៅតាមបណ្តោយផ្លូវលេខ១៩៨៦ស្ថិតក្នុងភូមភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
អ្នកបើករថយន្ត និងអ្នកបើកបរម៉ូតូមិនស្គាល់ឈ្មោះទេ ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញមានបុរសម្នាក់បានបើកម៉ូតូរ៉ឺម៉កកង់បី១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AL7863 ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត១គ្រឿងម៉ាកវីស្តូ ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 2AQ6313 ក្នុងទិដៅស្របគ្នាមកបុកពីក្រោយបណ្តាលឲ្យរ៉ឺម៉កម៉ូតូក្រឡាប់ផ្ងារជើងតែម្តង ប៉ុន្តែអ្នកបើកបរម៉ូតូរងរបួសស្រាល ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តវីស្តូបានព្យាយាមសម្របសម្រួលដោយសុំចេញថ្លៃព្យាបាលរបួស និងចេញថ្លៃជួសជុលម៉ូតូរ៉ឺម៉កកង់បីឲ្យទៅអ្នកបើកបរម៉ូតូ ។ ប៉ុន្តែខាងអ្នកបើកបរម៉ូតូមិនយល់ព្រមដោយទារសំណងចំនួន៩០០ដុល្លារ ។
ដោយការសម្របសម្រួសមិនត្រូវគ្នាទើបសមត្ថកិច្ចនគរបាលខណ្ឌសែនសុខចុះមកវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការដ្ឋានគរបានខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ តុង សីហា