ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តវីស្តូពន្លះជាមួយរថយន្តកុងតឺន័របណ្តាលឲ្យគៀបមនុស្សរងរបួសធ្ងន់២នាក់

ភ្នំពេញ៖ មនុស្ស២នាក់បានគៀបជាប់ក្នុងរថយន្តរងរបួសធ្ងន់ ខណៈបើករថយន្តលឿនជ្រុលបុករថយន្តកុងតឺន័រពេញទំហឹង កាលពីវេលាម៉ោង​៩​និង១០ នាទីយប់ ថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃ​ទី​១៦ មីនា ២០១៨​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ នៅ​ជិត​កងពលតូចលេខ៧​ (​ង​៧០) ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។
ប្រភព​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-1563 បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមាន​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ា​កវី​ស្តូ​ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2R-2208 បើកបរ​ក្នុង​ទិស​ដៅ បញ្ច្រាស​គ្នា​ពី​ជើង​ទៅ​ត្បូង ជិះ​គ្នា​៣​នាក់​សុទ្ធតែ​ជនជាតិ​ចិន​។ លុះ​មក​ដល់​កន្លែង​កើតហេតុ រថយន្ត​ម៉ា​កវី​ស្តូ បាន​រេ​ចង្កូត​បុក​រថយន្ត​កុងតឺន័រ​ពេញទំហឹង បណ្ដាល​ឲ្យ​បែក​កញ្ចក់​មុខ ខ្ទេចផ្នែកខាងមុខធ្វើឲ្យអ្នកបើកក្នុងរថយន្តវីស្តូគៀបជាប់ រង​របួសធ្ងន់ ២​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ លោកសង្ឃ​ផង​ដែរ​។
ក្រោយ​ពេល​កើតហេតុ តៃកុង​រថយន្ត​កុងតឺន័រ​ បាន​រត់​ចុះ​គេចខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត ដោយត្រូវបានកម្លាំងជំនាញ​ចរាចរណ៍​ជើង​គោក​រាជធានីភ្នំពេញធ្វើការវាស់វែងយកទៅរក្សាទុករងចាំ តំណាង​ភាគី​ទាំង​សងខាង​មក​ដោះស្រាយ​នៅពេលក្រោយ ​៕ សុខាសែនជ័យ