ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

រថយន្តសាំងយ៉ុងបើកលឿនពេកបុកគោយន្តដឹកឈើពីក្រោយយ៉ាងពេញទំហឹងស្លាប់ម្នាក់តៃកុងទាំង២រត់យករួចខ្លួនបាត់ស្រមោល

ខេត្តកំពង់ស្ពឺ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងរថយន្ត ខណៈ ដែលរថយន្តសាំងយ៉ុង១គ្រឿង បានបើកលឿនជ្រុលទៅបុកគោយន្តកន្ត្រៃដឹកឈើ១គ្រឿង ពេល ដែលបើកលឿនបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹងពេលបើកស្របទិសគ្នា ក្រោយកើតហេតុតៃកុងរថយន្តនិងតៃកុងគោយន្តបានរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍រថយន្តបុកគោយន្តកន្ត្រៃបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៤ទៅលេខ៨៥ ស្ថិតនៅក្នុងភូមិភូមិទី១(ដីអំបិល) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលចរាចរណ៍ស្រុកភ្នំស្រួចបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានរថយន្ត០១គ្រឿងម៉ាកសាំយ៉ុង(ជាប្រភេទរថយន្តទួរីស)ពណ៌ស្លែពាក់ស្លាកលេខភ្នំពេញ 2AD6960អ្នកបេីកបរមិនស្គាល់ឈ្មោះក្រោយកើតហេតុបាន(ចុះរត់គេចខ្លួនបាត់ស្រមោល) ។

ប្រភពបានបន្តទៀតថា រថយន្តបង្កហេតុខាងលើបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤មកពីទិសខាងលិចទៅទិសខាងកើតក្នុងល្បឿនលឿន លុះពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើបានបុកគោយន្តកន្ត្រៃដឹកឈើមួយគ្រឿម៉ាកគូប៊ូតាពណ៌ក្រហមអ្នកបេីកបរមិនស្គាល់ឈ្មោះ(រត់គេចខ្លួនបាត់ស្រមោល) ដែលបើកបរទិសស្របគ្នាបណ្តាលឲ្យអ្នកជិះក្នុងរថយន្តមិនស្គាល់អត្តសញ្ញាណ០១នាក់ភេទប្រុសស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុនគរបាលចរាចរណ៍ស្រុកភ្នំស្រួចចុះវាស់វែងយកសពបុរសខាងលើទៅតម្កល់ទុកនៅក្នុងវត្តត្រែងត្រយឹង ចំពោះ រថយន្តនិងគោយន្តខូចខាតធ្ងន់នោះនគរបាលជំនាញដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចរង់ចាំដោះស្រាយបន្តនៅពេលក្រោយ ៕ សេនា សក្តិ