ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងឆ្លងផ្លូវបុកម៉ូតូរបួសម្នាក់

ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿង បើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូសេ១២៥បុក បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់បាក់ជើងឆ្វេង កាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ កែងផ្លូវសាលាសុវណ្ណភូមិ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ស៊ុន សុគីម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិ សំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។

តាមប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា មុនកើតហេតុ រថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-3102 បើកតាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ឆ្លងផ្លូវទៅឆ្វេងដៃ ស្របពេលដែលម៉ូតូ សេ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AU-0124 បើកបរដោយបុរសម្នាក់ដែលបើកល្បឿនលឿនពីជើងទៅត្បូង ជ្រុលទៅបុកចំពីមុខរថយន្តបណ្តាលឲ្យគៀបជាប់ រងរបួសធ្ងន់បាក់ជើង ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកឯរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែង រួចយកទៅទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ