ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងបើកទៅបុកអ្នកជិះម៉ូតូពេញទំហឹងបណ្តាលឲ្យស្លាប់១នាក់

ខេត្តកំពង់ធំ៖ នៅវេលាម៉ោងជាង១និង៣០នាទី រំលងអធ្រាត្រ ចូលថ្ងៃអាទិត្យ ៧រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៧៨-១៧៩ ភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរកើតឡើង រថយន្ត បុកម៉ូតូ ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់បុរសម្នាក់នៅកន្លែងកើតហេតុ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក សាំងយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ 2AV.0560(បើកបរពីលិចទៅកើត) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) បើកបុកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ1F.1404(បើកបរទឹសដៅពីកើត ទៅលិច) ដោយឈ្មោះ យ័ន សោភ័ណ្ឌ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) (មិនពាក់ពួកសុវត្ថិភាព) ។

មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្តសាំងយ៉ុងបើកបរមិនប្រកាន់ស្តាំ ចូលទៅបុកម៉ូតូដែលកំពុងចរាចរណ៍ក្នុងគន្លងផ្លូវផ្ទុយទិស ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យ និងប្រមូល វត្ថុតាងរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីចាត់ការតាច្បាប់ ៕ ប៊ុនរិទ្ធី