ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទារិចបត់ឆ្លងផ្លូវត្រូវរថយន្តហុីយ៉ាន់ដាយបើកបុករងការខូចខាត

ភ្នំពេញ៖ រថយន្តស្ទារិចមួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវរថយន្តហុីយ៉ាន់ដាយ បើកបុកគូទពេញទំហឹងបណ្តាលឲ្យរងការខូចខាយយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅចុះណុចស្ថានីយប្រេងឥន្ធនៈតេលា តាមបណ្តោយផ្លូវ៣០ម៉ែត្រកែងនឹងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភំ្នពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកស្ទារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AU 0798 បើកបរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែបត់ឆ្វេងដៃមកផ្លូវបេតុងស្រាប់តែមានរថយន្តម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A 1601 ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនមានមនុស្សរងរបួស ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្រួលគ្នាដោយភាគីខាងរងគ្រោះទាសំណង៣០០ដុល្លារហើយក៏ព្រមព្រៀងគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕ សុខាសែនជ័យ