ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌឺមួយគ្រឿងបុកមនុស្សស្លាប់ដឹកដាក់មនី្ទរពេទ្យរួចបើករត់គេចខ្លួនបាត់

ប៉ោយប៉ែត៖ ស្រ្តីម្នាក់ដើរឆ្លងផ្លូវពេលមេឃរលឹម ត្រូវរថយន្តហាយឡេនឌឺ បុកស្លាប់រួចដឹកដាក់មន្ទីរពេទ្យ ហើយបើករត់គេចខ្លួនបាត់ កាលពីថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២០និង៤០នាទី តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបញ្ជាក់ថា មានរថយន្តតូច១គ្រឿងម៉ាកហាយឡេនឌឺ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V.2879 ពុំទាន់ស្គាល់អ្នកបើកបរ បុកមនុស្សដើរឆ្លងផ្លូវ (មេឃកំពុងភ្លៀង) ហើយភាគីរថយន្តបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត រួចបើករត់គេចបាត់ ហើយជនគ្រោះបានស្លាប់ពេលដឹកដល់មន្ទីរពេទ្យមង្គលបូរី ។

ប្រភពបន្ថែមថា ជនរងគ្រោះអ្នកថ្មើរជើងឈ្មោះ ឆេង លក្ខិណា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅក្នុងតូបអ៊ុតសក់ ក្នុងផ្សារតាយ៉ាន់ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ពេលនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវ ហើយបានស្គាល់ស្លាក់លេខរថយន្តបង្កហើយ ប៉ុន្តែទុកពេលឲ្យសាច់ញាតិធ្វើបុណ្យរួចរាល់សិន និងមកដាក់ពាក្យបណ្តឹង បើម្ចាស់រថយន្តបង្កមិនចូលខ្លួនមកដោះនោះទេ កម្លាំងសមត្ថកិច្ចនឹងស្រាវជ្រាវដល់ក្រសួងសាធារណការ ដើម្បីឲ្យដឹងម្ចាស់រថយន្តពិតប្រាកដ ឬបានលក់ឲ្យទៅអ្នកណាពិតប្រាកដ ៕ វណ្ណា