ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័របុកម៉ូតូខណៈបើកបរបញ្ច្រាសទិសគ្នាស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តមណ្ឌលគិរី៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡែនឌ័រ នឹងម៉ូតូ ធ្វើឲ្យស្ត្រីជាប្រពន្ធតៃកុងបើកបរម៉ូតូស្លាប់ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ហេតុការណ៍បានកើតឡើង កាលពីថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី នៅចំណុចផ្លូ៧៦ខាង លើផ្លូវបំបែកដាក់ដាំប្រហែល៥០ម៉ែត្រ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ខេត្តមណ្ឌលគិរី ។

ប្រភពរាយការណ៍ថា រថយន្ត និងម៉ូតូបញ្រ្ចាសទិសគ្នា ។ រថយន្តបើកល្បើនលឿន ជ្រុលទៅបុកម៉ូតូជិះគ្នាពីរនាក់ប្តីប្រពន្ធ និងបានដាច់ខ្យល់ស្លាប់ប្រពន្ធខណៈបញ្ជូនដល់មន្ទីរពេទ្យ ។ អ្នកបើកបររថយន្តឈ្មោះ មាន សុខសំណាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែ រស់ភូមិចំការតែ សង្កាត់ស្ពានមាន ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (រត់គេចខ្លួនបាត់) បើករថយន្តម៉ាកហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AC 7726 ។

ជនរងគ្រោះបើកម៉ូតូ ឈ្មោះប្រុង ផើល ភេទប្រុស អាយុ៤៨ឆ្នាំជនជាតិ ព្នង រស់នៅភូមិពូទ្រូ យុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ម៉ូតូម៉ាកសេរូស គ្មានផ្លាកលេខ (រងរបួសធ្ងងបាក់ជើងខាងស្តាំ ចំនួន២កំណាត់) អ្នករួមដំណើរត្រូវជាប្រពន្ធ អ្នកបើកបរម៉ូតូឈ្មោះ ញើច ឃ្វើច អាយុ៣៦ឆ្នាំ ជនជាតិព្នង ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។ សាកសពត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីជនជាតិដើម ។

រឺឯវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត និងស្វែងរកមុខតៃកុងរថយន្តមកដោះស្រាយតាមច្បាប់ផងដែរ ៕ មាស សុផាត