ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ្វតបោះពួយយ៉ាងល្បឿនចូលកន្លែងលក់បាយ មីឆា ភ្ញៀវជាច្រើននាក់រត់ចែកជើងគ្នាសព្រៀត និងមានមនុស្ស២នាក់រងរបួសស្រាល

ភ្នំពេញ ៖ រថយន្តហ្វតមួយគ្រឿង អ្នកបើកបរប្រើប្រាស់ជាតិស្រវឹង បើកបោះពួយល្បឿនលឿនបួងចង្កូតជ្រុលបុកចូលកន្លែងលក់បាយ មីឆា ភ្ញៀវច្រើននាក់រត់ចែកជើងគ្នាទាំងព្រលឹងចុងសក់ មានមនុស្ស២នាក់រងរបួសស្រាល សម្ភារៈ តុ កៅអី អ្នកលក់ដូរ ប៊ើង ខូចខាត កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវនរោត្តម ខាងត្បូងវិមានឯករាជ្យ កែងផ្លូវលេខ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

រថយន្តបង្ក ម៉ាកហ្វត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-5631 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងជោក ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុរថយន្តបង្ក បើកតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីជើងមកត្បូងក្នុងស្ថានភាពស្រវឹង បោះពួយល្បឿនលឿន ដល់ចំណុចកើតហេតុរេចង្កូតជ្រុល បុកចូលកន្លែងលក់បាយ មីឆា មួយកន្លែងនៅខាងមុខនាយកដ្ឋាន តម្រង់ទិសវិជ្ជាជីវៈ និងទល់មុខ ហាងម្លេះ បណ្តាលឲ្យរងការខូចខាត សម្ភារៈអ្នកលក់ដូរនោះស្ទើតែទាំងស្រុង ភ្ញៀវច្រើននាក់រត់ចែកជើងគ្នា មានអ្នរងរបួសស្រាល២នាក់ អ្នកលក់ម្នាក់ នឹងភ្ញៀវម្នាក់ ។មិនត្រឹមតែប៉ុណ្ណោះ រថយន្តបង្ក បន្តហួសទៅបុក ម៉ូតូមួយគ្រឿង បង្គោលស្លាក សញ្ញាចរាចរណ៏បង្ហាញផ្លូវ អស់មួយដើម ដាច់បាត់តែម្តង រុញផ្ទប់ទៅនឹងឆ្នាំងទឹកស៊ុប ទើបរថយន្តបែកធុងទឹកទៅមុខលែងរួច ។

ក្រោយពេលកើតហេតុ សម្ថកិច្ចចុះទៅឃាត់ខ្លួនអ្នកបើកបរ រួចស្ទូចនាំយកទាំងរថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោក រងចាំដោះស្រាយពេលក្រោយ ៕ ភារ៉ា ដង្កោ