ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡង់គ្រីស័រ១គ្រឿង ផ្ទុកសុទ្ធតែឈើគ្រញូងពេញប្រៀប រត់មិនរួចពីសមត្ថកិច្ច

ខេត្តពោធិ៍សាត់៖ រថយន្តឡង់គ្រីស័រ​មួយគ្រឿង ផ្ទុកដោយ​ឈើគ្រញូងពេញប្រៀប ពេញមួយរថយន្តតែម្តង ត្រូវសមត្ថកិច្ចក្របួចជាប់ ខណៈដែលសស្រាក់សស្រាំចរាចរណ៍ទាំងវេលាម៉ោងរំលងអធ្រាត្រ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស​បានធ្វើសកម្មភាពពួនស្ទាក់ និងប្រមាញ់ចាប់បានរថយន្ត​ឡង់គ្រីស័រមួយគ្រឿង ស្ថិតនៅចំណុចបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចបង្គោកគីឡូម៉ែត្រលេខ១៧០-១៧១ ភូមិត្រាំ ឃុំត្នោតជ្រុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយនៅពេលដែលសមត្ថកិច្ចឆែកឆេរ ឃើញសុទ្ធឈើគ្រញូងពេញប្រៀបតែម្តង ។

បច្ចុប្បន្ននេះ ឈើក្នុងរថយន្ត កំពុងស្ថិតនៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ ដែលមានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើផង កំពុងត្រួតពិនិត្យ រាប់ និងថ្លឹងឈើទាំងនេះ ដើម្បីធ្វើកំណត់ហេតុ ចាត់ការតាមច្បាប់ ៕