ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីសRx៣០០បុកម៉ូតូមួយគ្រឿងពេញទំហឹងស្លាប់២នាក់ភ្លាមនៅនឹងកន្លែងកើតហេតុ

ខេត្តរតនគិរី៖ មនុស្សប្រុស២នាក់ជិះម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្តឡិចស៊ីស RX៣០០ មួយគ្រឿង បើកបរបញ្ច្រាសទិសមកបុកទាំងកំរោលពេញទំហឹងតែម្តង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍រថយន្តបុកម៉ូតូពេញទំហឹងបណ្តាលឲ្យមនុស្សពីរនាក់បានស្លាប់នៅនឹងកន្លែងនោះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ ៧៨ស្ថិតនៅភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ។

ប្រភពពីលោកអធិការនគរបាលស្រុកបកែវបានឲ្យដឹងថា រថយន្តដែលបង្កម៉ាកឡិចស៊ីស RX300 ពណ៌ស អត់ស្លាកលេខ បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកម៉ូតូនោះពេញទំហឹងតែម្តង។

លោកបន្តថា ម៉ូតូបើកបរបញ្ច្រាសទិសគ្នាពីកើតទៅលិចហើយបណ្តាលឲ្យមនុស្សប្រុស២នាក់ ដែលជិះម៉ូតូនោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។

លោកជួបវណ្ណរក្ស អធិការនគបាលស្រុកបរកែវបានបន្តថា ជនរគ្រោះ២នាក់ ដែលស្លាប់នោះមិនទាន់ស្គាល់អត្តសញាណនៅឡើយទេ ជិះម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាក ហើយរថយន្តបានបុកម៉ូតូជ្រុះម៉ាស៊ីនចេញពីតួរហើយម៉ូតូផ្លោងទៅម្ខាងឯរថយន្តបានផ្ងារជើងឡើងលើ ។ ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗផងដែរ។

បន្ទាប់ពីកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍វាស់វែង និងបន្តស្រាវជ្រាវរកសាច់ញាតិ នៃសពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ អ្នកបើកបររថយន្តបង្កហេតុបណ្តាលឲ្យមនុស្ស២នាក់ស្លាប់នោះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមកទទួលខុសត្រូវចំពោះមុខច្បាប់ ។

បច្ចុប្បន្នមធ្យោបាយបង្កគ្រោះថ្នាក់ទាំងពីរគ្រឿង សមត្ថកិច្ចបានរឹបអូសយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំទីងចាក់ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជីវន្ត