ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្ដោយឲ្យមានហិង្សាផ្ទុះឡើង

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តព្រុសបានមកបុកនឹងរថយន្តឡិចសុីស GS 300 ខាងស្ដាំរថយន្តពេញទំហឹង ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរថយន្តរងការខូចខាត យ៉ាងដំណំទាំងសងខាង ហើយម្ចាស់រថយន្តទាំង២គ្រឿងចង់ផ្ទុះហិង្សាដាក់គ្នា បង្កឲ្យមាន​ការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១រំលងអធ្រាត្រ ឈានចូល ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយ ផ្លូវលេខ១០៥ កែងនឹង៤៥៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ​ បានឲ្យ​ដឹងថា មុនពេលកើត​គេបានឃើញ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ឡិចសុីស GS 300 ពណ៌ស អត់ពាក់ស្លាកលេខក្នុងទិសដៅពីកើតមកលិច ស្រាប់តែមានបុរសម្នាក់បានបើករថយន្តព្រុស មួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2V.9504 ក្នុងទិសដៅពីជើងមកត្បូង បានជ្រុលមកបុក និងរថយន្តឡិចសុីសខាងលើចំខាងស្ដាំរថយន្តពេញទំហឹង ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរថយន្តរងការខូចខាត យ៉ាងដំណំទាំងសងខាង ហើយម្ចាស់រថយន្តទាំង២គ្រឿងបាន ចង់ផ្ទុះហិង្សាដាក់គ្នា តែត្រូវប្រជាពលរដ្នដែលនៅក្បែរនោះបាននាំគ្នាជួយឃាត់ភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្នានបានចុះមកដល់កន្លែងកើតហេតុនិង​​វាស់វែង​​រថយន្ត​បង្ក និងរថយន្ត២គ្រឿងយក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​ ៕ ស រស្មី