ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងខូចខាតទាំងសងខាងតែម្ចាស់សម្រួលគ្នាបញ្ចប់រឿង

ភ្នំពេញ៖ រថយន្តឡិចស៊ីសមួយគ្រឿងបានបើកបរ ក្នុងល្បឿន លឿនហើយបានជែងជាមួយ រថយន្តផ្សេងទៀតដែលនៅពីមុខ បានជ្រុលទៅបុករថយន្តម៉ាកគារដែល បើកបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាត ទាំងសងខាង តែសំណាងល្អពុំមានមនុស្សណាម្នាក់រងគ្រោះ ក្នុងឧប្បតិ្តហេតុនេះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមសាក្សីដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាកគារ ពណ៌ស ពាក់ស្លាកលេខ កោះកុង 2A.0515 បានបើកបរតាមបណ្ដោយ ផ្លូវជាតិលេខ៥ ទិសដៅពីជើងមកត្បួង ក្នុងល្បឿនមធ្យម ។ ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តបង្កម៉ាក ឡិចស៊ីសRX330 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AG.2118 បានបើកបរតាម បណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បួងទៅជើង (ដោយបញ្ច្រាសគ្នាជាមួយនិងរថយន្តរងគ្រោះ)  ហើយបានបើក ជែងជាមួយរថយន្តផ្សេងទៀត ដែលនៅពីមុខ។ ក្រោយពីជែងផុតបន្តិច ក៏ជ្រុលទៅបុករថយន្តរងគ្រោះចំពីមុខ ពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងដាច់កាងនិងដាច់កាឡេរកង់មុខផ្នែកខាងឆ្វេងដូចគ្នា ទៅមុខលែងរួច ចំណែកឯម្ចាស់រថយន្តទាំង២គ្រឿងមិនមានអ្នករងរបួសធ្ងន់ធ្ងរនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះដល់
កន្លែងកើតហេតុ និងបានសម្រួលចរាចរណ៍កុំឲ្យកកស្ទះព្រមទាំងបានឲ្យ ភាគីទាំងសងខាង សម្របសម្រួលគ្នា។ ពេលនោះ ដោយភាគីខាងរថយន្តបង្កម៉ាកឡិចស៊ីសទទួលកំហុសក៏ព្រមសងថ្លៃខូចខាតទៅលើរថយន្តរងគ្រោះម៉ាកគារឲ្យ យករថយន្តទៅជួសជុលភាគីរថយន្តឡិចស៊ីសជាអ្នកចេញលុយ ដើម្បីបញ្ចប់រឿងមិនចង់មានបញ្ហាវែងឆ្ងាយ និងមិនចង់រំខានទៅដល់សមត្ថកិច្ច ៕ ដោយ៖ ចាន់ធឿន

Untitled-4

Untitled-5

Untitled-6