ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿង បើកល្បឿនខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបំបែកជាបួន បុកគ្នាពេញទំហឹងខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន​ ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរថយន្ត២គ្រឿងបុកគ្នាពេញទំហឹងរងការខូចខាតទាំងសងខាងយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ត្រង់ចំណុចក្បែរស្ពានអាកាស៧មករា តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវលេខ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក តូយូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-6854 ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៥៦ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្ន។ លុះមកដល់ចំណុចកើតហេតុក៏បានបើកឆ្លងកាត់ផ្លូវកម្ពុជាក្រោម ខណ:ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AK-7891 ដែលបើកបរដោយប្តីប្រពន្ធមួយគូ តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុករថយន្តព្រូសខាងលើពេញទំហឹងបណ្តាលឲ្យរថយន្តព្រូសខ្ទៀតជ្រុលឡើងទៅលើខឿនតាមចិញ្ចើមផ្លូវ រងការខូចខាតធ្លាក់កាងនិងកំពឹតទ្វារផ្នែកខាងមុខចំហៀងខាងស្តាំ ។ ចំណែកឯរថយន្តហាយឡែនឌ័ររងការខូចខាតកំពឹតផ្នែកមុខយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នកទទួលរងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោយឲ្យភាគីទាំង២ធ្វើការចរចាដោះស្រាយគ្នា ដោយភាគីទាំង២មិនចង់មានរឿងវែងឆ្ងាយ ក៏ព្រមយករថយន្តទៅជួលជុសរៀងៗខ្លួនដើម្បីបញ្ចប់រឿងតែម្តង ៕ ស​ តារា