ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៣គ្រឿងបុកគ្នាលើផ្លូវជាតិលេខ៦ បណ្តាលឲ្យមនុស្ស៧នាក់រងរបួសធ្ងន់ស្រាល

ខេត្តកំពង់ចាម ៖ មនុស្ស៧នាក់បានរងរបួស ក្នុងចំណោមនោះមាន៤នាក់រងរបួសធ្ងន់ និងរថយន្ត២គ្រឿង មាន២គ្រឿងបានរងការខូចខាតធ្ងន់ធ្ងរ ដោយសាររថយន្តបើកបុកគ្នា ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ០៦ចន្លោះគីឡូម៉ែត្រលេខ៦៨-៦៩ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពងចាម។

នគរបាលចរាចរស្រុកជើងព្រៃឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តម៉ាកស៊ើប ពណ៌ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ២F-៥៤៨៧ បើកបរដោយឈ្មោះ លន់ ប៊ុនឈាង ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិអូបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

នគរបាលថា រថយន្តនេះបើកពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្តម៉ាកគា ពាក់ស្លាកលេខភ្នំពេញ២S-៣១៦៤ បើកបរដោយឈ្មោះ ព្រឿង ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្តាល បើកក្នុងទិសពីកើតទៅលិច ។

នគរបាលបន្តថា នៅគ្រាដែលកំពុងកើតមានគ្រោះថ្នាក់ ស្រាប់តែមានរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខ២AT-៣៣៦២ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកពីកើតទៅលិចជ្រុលបុករថយន្តម៉ាកគាបន្ថែមទៀត ។

តាមកំណត់ហេតុសមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នោះបានបណ្តាលឱ្យមនុស្ស​០៧​​នាក់ ក្នុងនោះប្រុស០៤នាក់បានរងរបួសកំរិតធ្ងន់ និង៣នាក់ទៀត (ប្រុស០២នាក់) រងរបួសកម្រិតមធ្យម ។ ចំណែករថយន្ត០៣គ្រឿង មាន២គ្រឿងបានរងការខូចខាតកម្រិតធ្ងន់ ។ កំណត់ហេតុបញ្ជាក់ទៀតថា មូលហេតុរថយន្តម៉ាកស៊ើបបែកកង់ ក៏រេចង្កូតឆ្លងគន្លងផ្លូវម្ខាងទៀត ទើបបង្កឲ្យមានគ្រោះថ្នាក់កើតឡើង ៕ វណ្ណៈ